(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលដ្រូន និងសម្ភារៈកសិកម្ម ព្រមទាំងសម្ភារៈការិយាល័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។

លោកបណ្ឌិត ម៉ឹង មករា ក៏បានពាំនាំការសាកសួរសុខទុក និងការកោតសរសើរខ្ពស់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ អ្នកគ្រូលោកគ្រូ និងសហការី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើដល់វិស័យកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត ម៉ឹង មករា បានថ្លែងថា «អំណោយនេះ គឺជាការចូលរួមចំណែក ជាមួយសាកលវិទ្យាល័យ ក្នុងការធ្វើទំនើបកម្មបណ្តុះបណ្តាលលើវិស័យកសិកម្ម ដល់និស្សិតដែលកំពុងទទួលការសិក្សានៅសាកលវិទ្យាល័យ»

លោកបានបន្ថែមទៀតថា «អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍន៍រីកចម្រើន»

លោកបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា «ដើម្បីធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន ចាំបាច់ត្រូវមានធនធានមនុស្សដែលមានជំនាញច្បាស់លាស់លើវិស័យកសិកម្ម ដើម្បីទាក់ទាញស្រូបយក ការវិនិយោគលើវិស័យកសិកម្មទាំងក្នុងស្រុក និងមកពីបរទេស។ ក្នុងន័យនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្មមានតួនាទីសំខាន់ណាស់ ចំពោះវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»

សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមជនបទ៕