(ភ្នំពេញ)៖ ពិតជាកក្រើកទៀតហើយ! សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំទស្សនាជំនួបរវាងជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ (Chinese-Taipei) នៅក្នុងវគ្គជម្រុះបឋមពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នាថ្ងៃទី២ ខែមិថុនាខាងមុខនេះក្នុងជើងទី១ នឹងបានទស្សនាលើកញ្ចក់ទូរទស្សន៍ BTV-News បន្ទាប់ពីទូរទស្សន៍ក្នុងស្រុកមួយនេះ ទទួលបានសិទ្ធិផ្សាយបន្ដផ្ទាល់ នេះបើតាមទំព័រ Facbook ផ្លូវការរបស់ទូរទស្សន៍ BTV បង្ហោះមុននេះបន្ដិច។
នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងនិយមគាំទ្របាល់ទាត់ខ្មែរ និងតែងតែចូលរួមគាំទ្រជានិច្ច រាល់ពេលក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតក្នុងទឹកដីម្ដងៗ។ ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា ការប្រកួតនេះ ក្រុមការងារទូរទស្សន៍ BTV-News នឹងចាប់ផ្ដើមផ្សាយបន្ដផ្ទាល់នាវេលាម៉ោង ៦ល្ងាច ត្រូវនឹងម៉ោងនៅកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងសប្តាហ៍នេះតែម្តង រួមជាមួយ Fresh News TV និង Facebook និង YouTube ទៀតផង។
កម្ពុជា ធ្លាប់ប្រកួតឈ្នះចិនតៃប៉ិ ២-០ ក្នុងមិត្តភាពអន្តរជាតិកាលពីឆ្នាំ២០១៤ កន្លងទៅ ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នឹងត្រូវជួបគ្នា២ជើង ដើម្បីដណ្ដើមកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 ត្រូវអនុវត្តន៍រូបមន្ដប្រកួតក្នុងដី និងក្រៅដី (Home/Away) ពោលគឺនៅថ្ងៃទី២ ខែមិថុនា កម្ពុជា ត្រូវជួបក្រុមចិនតៃប៉ិ ក្រៅទឹកដី បន្ទាប់មកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ទើបក្រុមជម្រើសជាតិកម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមចិនតៃប៉ិ វិញម្ដង៕