(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោនៅថ្ងៃស្អែកនេះ គឺជាលើកទី១៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិស្សរបស់អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក។

របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។

សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គឺជាគ្រឹះស្ថានសិក្សាមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបានបញ្ចប់ការសិក្សាចំនួន ៦០,៩០២នាក់។ ដោយឡែកសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាវិញមានចំនួន ៩,៦៦៥នាក់។

ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាល និងកសាងធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ លោក ឌួង លាង បានលើកឡើងថា សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានបញ្ញាជន ក្នុងបរិបទនៃសង្គមពុទ្ធិ ក្នុងនោះបានអនុវត្តតាមផែនការយុទ្ធសាស្ត្រក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការជាយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើមបំផុត។

លោក ឌួង លាង បានលើកឡើងទៀតថា ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់សង្គមជាតិ និងនិន្នាការរីកចម្រើនរបស់តំបន់ និងពិភពលោក ក្នុងសម័យឧស្សាហកម្ម ៤.០ សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានរៀបចំផែនការសកម្មភាពសម្រាប់ផ្លាស់ប្តូរការអបរ់ំបែបឌីជីថល ហើយបានលើកគោលដៅជាអាទិភាពសំខាន់ៗចំនួន៣រួមមាន៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្រៀន និងរៀន, អភិវឌ្ឍជំនាញ និងសមត្ថភាពឌីជីថល ដែលពាក់ព័ន្ធដើម្បីឱ្យមានការផ្លាស់ប្តូរ និងកែលំអរប្រព័ន្ធអប់រំ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការវិភាគ និងការគ្រប់គ្រងទិន្នន័យ។

ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យរូបនេះ បានឱ្យដឹងទៀតថា សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក៏បានពង្រឹងយន្តការលើការងារដឹកនាំ ការងារគ្រប់គ្រង និងអនុវត្តស្របតាមផែនការជាសារវ័ន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ដូចគ្នានេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្ស សាកលវិទ្យាល័យ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងគ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត។ សាកលវិទ្យាល័យ ក៏បានអញ្ជើញវាគ្មិនល្បីៗជាតិ-អន្តរជាតិ មកធ្វើបទបង្ហាញ ដើម្បីចែករំលែកបទពិសោធន៍ ដល់និស្សិតគ្រប់ៗជំនាន់ក្នុងពេលកំពុងសិក្សា ហើយក៏បានផ្តល់ឱកាសឱ្យនិស្សិតចុះធ្វើកម្មសិក្សា ក្នុងការផ្សារភ្ជាប់រវាងទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង ដែលជាទុនដ៏សំខាន់សម្រាប់ការសរសេរសារណា និងនិក្ខេបបទបញ្ចប់ការសិក្សា។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ឌួង លាង ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ចំពោះសាកលវិទ្យាល័យ តាំងពីពេលនៅជាអង្គការអាស៊ី-អាស៊ីអឺរ៉ុប។ លោកបណ្ឌិត ឌួង លាង បានគូសបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភជាទៀងទាត់នូវអង្ករចំនួន ២តោន និងថវិកា ៥លានរៀល ដល់សាកលវិទ្យាល័យ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់សិស្ស និងនិស្សិតដែលស្នាក់នៅសិក្សារៀនសុត្រជាមួយសាកលវិទ្យាល័យ ដែលបច្ចុប្បន្នមានចំនួន ៥៦នាក់៕