(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ស្ថិតនៅបរិវេណសាលាស្រុកចន្ទ្រា។
ពិធីនេះមានការមានចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ព្រមទាំងប្រជាពលរដ្ឋជាច្រេីនរូបទៀត។
នាឱកាសនោះដែរ លោក ម៉ែន វិបុល បានថ្លែងថា មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយរាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ។
លោកបានបន្តថា រដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឱ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់។
ជាមួយគ្នានេះ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឱ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា មកទទួលសេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយស្រុក ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីការិយាល័យនេះបានបើកឱ្យដំណើរការជាផ្លូវការនាពេលនេះ។
លោក ម៉ែន វិបុល បានបញ្ជាក់ថា ដោយបច្ចុប្បន្នករណីជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមនៅឡើយ ហើយការិយាល័យ ច្រកចេញតែមួយរបស់យើង ជាកន្លែងផ្ដល់សេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាលស្រុក ត្រូវចាត់ចែងរៀបចំឱ្យមានជែល ឬអាល់កុល និងម៉ាស សម្រាប់មន្ត្រីរាជការបម្រើការងារក្នុងការិយាល័យច្រកចេញចូលតែមួយប្រើប្រាស់ និងណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាស និងលាងដៃ ពេលចេញចូលទទួលសេវានៅក្នុងការិយាល័យច្រក។
លោកអភិបាលខេត្តបានស្នើដល់រដ្ឋបាលស្រុក និងឃុំ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងកិច្ចការដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឱ្យបានកាន់តែសកម្មថែមទៀត ស្របតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្នកុំឱ្យមានការធ្វេសប្រហែស ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នា៕