(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានបន្តចុះពិនិត្យវឌ្ឍនភាព និងគម្រោងអភិវឌ្ឍន៍នានាក្នុងក្រុងស្វាយរៀង និងជំរុញការអភិវឌ្ឍឱ្យកាន់ស្រស់ស្អាតមានកន្លែង លំហែរកម្សាន្តកាន់តែច្រើន សម្បូរបែបសម្រាប់ភ្ញៀវទេចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តបន្ថែមទៀត។

លោក សរ សុដានី អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងស្វាយរៀង បានឱ្យដឹងថា ចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់ក្រោមការដឹកនាំរបស់លោក ម៉ែន វិបុល បានធ្វើឱ្យខេត្តទាំងមូលមានការអភិវឌ្ឍយ៉ាងលឿន លើគ្រប់វិស័យនិងខឿនសេដ្ឋកិច្ចកាន់តែរឹងមាំ តាមរយៈការកៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទុនបង្កើតទីផ្សារការងារយ៉ាងច្រើននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសទឹកដីក្រុងស្វាយរៀង ខណៈដែលប្រជាពលរដ្ឋមានការងារធ្វើនិងមានជីវភាពកាន់តែល្អប្រសើរដោយមិនចាំបាច់ចំណាកស្រុកទៅខេត្តផ្សេងឡើយ។

លោកអភិបាលរងក្រុង បានបន្តថា ការអភិវឌ្ឍ និងកែលម្អសោភ័ណភាព បរិស្ថាននៅត្រើយខាងកើតបឹងទន្លេវៃគោបន្ថែមទៀតនោះ គឺដើម្បីធ្វើយ៉ាងណាឱ្យក្រុងស្វាយរៀង ជាក្រុងដែលមានសោភ័ណភាពស្រស់ស្អាតបរិស្ថានល្អ គ្មានទឹកជំនន់នៅរដូវវស្សា ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងនៅក្នុងខេត្ត ទាំងនៅក្រៅខេត្ត រួមនឹងភ្ញៀវទេសចរណ៍អន្តរជាតិ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូករបស់ខេត្តនៅខែតុលា ឆ្នាំ២០២២ នៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យវឌ្ឍនៈភាពការងារនៃការអភិវឌ្ឍក្រុងស្វាយរៀងនេះ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់មន្ត្រីមន្ទីរជំនាញ និងលោកអភិបាលក្រុងស្វាយរៀង ត្រូវរួមសហការគ្នាឱ្យបានល្អដើម្បីធ្វើការអភិវឌ្ឍគម្រោងនានាសម្រេចឱ្យបានជោគជ័យ ក្នុងនោះត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀង ដែលរស់នៅក្នុងជុំវិញទន្លេវៃគោ ឱ្យចូលរួមនិងគាំទ្រការអភិវឌ្ឍខេត្តដើម្បីធ្វើយ៉ាងណាឱ្យខេត្តស្វាយរៀង មានការរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕