(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ដោយនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២២២,៨៥៣នាក់ ក្នុងនោះភ្ញៀវជាតិ២០០,៦៤៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២,២០៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៣៣,៩៦៨នាក់
* ខេត្តព្រះសីហនុ ៣១,៨១៥នាក់
* ខេត្តកំពត ២៨,០៤០នាក់
* ខេត្តបាត់ដំបង ២០,៧៩០នាក់
* រាជធានីភ្នំពេញ ១៩,៧៩៩នាក់
* ខេត្តកណ្តាល ១៣,៩៧៥នាក់
* ខេត្តកែប ១១,៥៥៩នាក់
* ខេត្តពោធិ៍សាត់ ១០,៣៦៤នាក់

តួលេខខាងលើមានការថមថយ៤.៧៣% ធៀបនឹងសប្តាហ៍កន្លងមក។ មិនខុសពីសប្តាហ៍កន្លងមក បញ្ហាអាកាសធាតុ និងលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

បច្ចុប្បន្ន ក្រសួងទេសចរណ៍ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ បាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំរុញការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៉ីនធើណែត១០០បង្គោល នៅតាមគោលដៅទេសចរណ៍អាទិភាព ពិសេសតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលនៅដាច់ស្រយាល៕