(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បាននាំយកអំណោយរបស់ លោក ហ៊ុន ណេង សមាជិកគណ:កម្មការ អចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: ទៅឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរាចំនួន ៥គ្រួសារ នៅភូមិ/ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោកមេបញ្ជាការបានឲ្យដឹងថា ចាស់ជរាទាំង៥គ្រួសារ ៖ គ្រួសារទី១-ឈ្មោះ ខ្វាយ រឿង អាយុ៧៣ឆ្នាំ, គ្រួសារទី២-ឈ្មោះ វឹក សួង អាយុ៦៧ឆ្នាំ, គ្រួសារទី៣-ឈ្មោះ សៅ សែ អាយុ៧០ឆ្នាំ, គ្រួសារទី៤-ឈ្មោះ យ៉ង យន់ អាយុ៨៣ឆ្នាំ និងគ្រួសារទី៥ ឈ្មោះ ឡា ឈាន អាយុ៧៩ឆ្នាំ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម ទឹកក្រូច១កេស ទឹកស៊ីអ៉ីវ១យួ ទឹកត្រី១យួ មីម៉ាម៉ា១កេស ទឹកដោះគោ២កំប៉ុង ប៊ីចេង០.៥គីឡូក្រាម ត្រីខ១យួ ប្រេងឆា១ដប ស្ករស១គីឡូក្រាម និងថវិកាចំនួន ១០ម៉ឺនរៀល។
នៅថ្ងៃដដែលនោះ លោកក៏បានជួយឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល ដល់ប្រពន្ធលោកមេភូមិត្រពាំងស្រងែ ដែលកំពុងមានជំងឺ ហើយលោកក៏បានជួយឧបត្ថម្ភ ដល់គ្រួសារសព ឈ្មោះ សាបូ នៅភូមិត្រពាំងស្រងែ ចំនួន ២០ម៉ឺនរៀលផងដែរ។
នៅក្នុងសកម្មភាពការងារ មនុស្សធម៌នោះដែរ លោកឧត្តសេនីយត្រី វ៉ា សារិទ្ធ ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់លោក ហ៊ុន ណេង ជូនដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅទីនោះ ជាពិសេស គ្រួសារចាស់ជរាទាំង៥គ្រួសារ ហើយលោកក៏បានថ្លែងលើកឡើងថា គ្រប់កន្លែងទីណាដែលមានបងប្អូន ប្រជាពលរដ្ឋជួបការលំបាក ទីនោះតែងតែមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ តែងយកចិត្តទុកដាក់ជួយទំនុកបំរ៉ុង ដោះស្រាយរាល់ការទុក្ខលំបាកទាំងនោះជានិច្ច៕