(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទី នៃព្រឹទ្ធសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ចំពោះមរណភាព មហាវិរិយាភិរក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើត។

លោកកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្ដាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាវិរិយាភិរក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើត របស់ ឯកឧត្តមទេសរដ្ឋមន្តី បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨:០០ល្ងាច ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយ ជរាពាធ»

លោកបណ្ឌិត បានបន្ដទៀតថា «ទោះបីរូបកាយរបស់ មហាវិរិយាភិក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរ ក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ ជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃនិងមិនចេះរីងស្ងួត ក្នុងការអប់រំ បុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត»

ជាថ្មីម្ដងទៀត លោកបណ្ឌិត បានបន្ថែមថា «សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួង វិញ្ញាណក្ខន្ធ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា»៕