(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា, ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញអធិបតីក្នុង «ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប»។
ក្នុងពិធីនេះ ក៏មានការចូលរួមពី ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍក្នុងស្រុក និងបរទេស តំណាងវិស័យឯកជន ព្រមទាំងសិក្ខាកាម សរុបប្រមាណ៣០០នាក់ តាមការចូលរួមផ្ទាល់ និងពីចម្ងាយ។
ថ្លែងទៅកាន់ទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានវាយតម្លៃថា «អក្ខរកម្មឌីជីថល» បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់ ប្រជាពលរដ្ឋទូទៅ នៅគ្រប់វ័យ ទាំងវ័យចំណាស់, វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។
ជាក់ស្តែង ការប្រែប្រួលបរិបទសង្គម សេដ្ឋកិច្ច បានស្តែងចេញជាការប្រែប្រួល ផ្នែកតម្រូវការបុគ្គល គ្រួសារ និងស្ថាប័ន ដែលតម្រូវឲ្យមានភាពចាំបាច់ក្នុងការស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាពជីវិត គុណភាព នៃការសិក្សា គុណភាពការងារ និងគុណភាព នៃការធ្វើអាជីវកម្មឲ្យកាន់តែប្រសើរ ស្របតាមប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងពីសារៈសំខាន់នៃ «ការសិក្សារៀនសូត្រពេញមួយជីវិត»។
លោកបន្ដថា គណៈកម្មការទី៧ នៃរដ្ឋសភា តែងតែគាំទ្រលើគំនិតផ្តួចផ្តើមនានារបស់ក្រសួង និងវិស័យឯកជន ដែលជាការរួមចំណែកដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ជាពិសេសការបំពាក់បំប៉នសមត្ថភាពក្នុងវិស័យឌីជីថល ក្នុងវិស័យទេសចរណ៍ គឺជាផ្នែកមួយដ៏សមខាន់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ សំដៅទទួលយកបច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងគុណភាព ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។
វិបត្តិកូវីដ-១៩ ពិតជាបានធ្វើឲ្យវិស័យទេសចរណ៍រងផលប៉ះពាល់ ដែលបានធ្វើឲ្យប្រតិបត្តិករ និងប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិតដោយផ្អែកលើវិស័យទេសចរណ៍ជួបប្រទះឧបសគ្គមួយចំនួនក្នុងជីវភាព។ ក្នុងន័យនេះ គណៈកម្មការបានធ្វើការជាបន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដើម្បីស្វែងរកដំណោះស្រាយ ហើយវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាសក្ខីភាពនៃការអនុវត្តផែនការសកម្មភាពទាំងនោះ៕