(ភ្នំពេញ)៖ ករណីក្រុមវិស្វករ និងកម្មករចំនួន៣០០នាក់ លើកគ្នាតវ៉ា ជុំវិញម្ចាស់គម្រោងមិនបើកប្រាក់ខែដល់ពួកគាត់ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ គឺមិនមែនជាកាតព្វកិច្ចរបស់ក្រុមហ៊ុន Booyoung Town នោះទេ ប៉ុន្តែវាជាកាតព្វកិច្ចរបស់ក្រុមហ៊ុន HON SIN ដែលជាអ្នកទទួលរ៉ាប់រងបើកប្រាក់ខែដល់កម្មករទាំងអស់ ហើយនៅពេលនេះក្រុមហ៊ុន Booyoung រៀបចំបើកប្រាក់ខែដល់កម្មករ ជំនួសមុនសិន និងចាំពិភាក្សាដោះស្រាយជាមួយក្រុមហ៊ុនម៉ៅការសាងសង់តាមក្រោយ។
បុគ្គលិករបស់ក្រុមហ៊ុន Booyoung Town បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ថា «សម្រាប់កម្មករដែលលើកគ្នាមកតវ៉ា ជុំវិញការបើកប្រាក់ខែយឺតយ៉ាវនោះ គឺមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រុមហ៊ុន Booyoung Town នោះទេ ពោលគឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន HON SIN ក៏ប៉ុន្តែ ចំពោះកម្មករដែលបានលើកគ្នាមកតវ៉ានេះ ក្រុមហ៊ុន Booyoung Town កំពុងរៀបចំបើកប្រាក់ជូនដល់ពួកគាត់ ជំនួសមុនសិន និងចាំពិភាក្សាដោះស្រាយជាមួយក្រុមហ៊ុនម៉ៅការសាងសង់តាមក្រោយ។
បើតាមតំណាងកម្មករ បានឱ្យដឹងថា «កម្មករទាំងអស់ ធ្វើការក្នុង១ខែ គឺបើកប្រាក់ខែចំនួន២ដង ជារៀងរាល់ខែ ក្នុងនោះមានកម្មករ៥០ភាគរយហើយ ត្រូវបានបើកប្រាក់ខែ ប៉ុន្តែសម្រាប់កម្មករ៥០ភាគរយទៀត ត្រូវបានខាងភាគី ក្រុមហ៊ុនសន្យាថានឹងបើកឱ្យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ប៉ុន្តែបែរជាខាងក្រុមហ៊ុនមិនបានបើកប្រាក់ជូនពួកគាត់ ទើបពួកគាត់លើកគ្នាមកតវ៉ាតែម្តង ដើម្បីឱ្យភាគីក្រុមហ៊ុនជួយដោះស្រាយជូនពួកគាត់»៕