(កំពង់ឆ្នាំង)៖ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងកិច្ចសហប្រតិបតិ្ដការ អនុវត្តច្បាប់រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងតុលាការ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, អគ្គព្រះរាជអាជ្ញារង, ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ព្រះរាជអាជ្ញា, លោកអនុប្រធានសាលាដំបូង, លោក-លោកស្រីព្រះរាជអាជ្ញារង, លោក-លោកស្រីចៅក្រម, លោកស្នងការរង តំណាងលោកស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកអនុប្រធានពន្ធនាគារខេត្ត តំណាងលោកប្រធានពន្ធនាគារខេត្ត, ប្រធាន-អនុប្រធានមន្ទី-អង្គភាពជុំវិញខេត្ត, អធិការនគរបាលក្រុង-ស្រុក ទាំង៨, មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៨, លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន និងមន្ដ្រីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
នាឱកាសនោះដែរលោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បានមានមតិស្វាគមន៍ថា នេះគឺជាឱកាសមួយយ៉ាងល្អដែលសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានផ្ដួចផ្ដើមរៀបចំឱ្យមានកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រោះថាការសម្រេចបាននូវលទ្ធផលនានាកន្លងមកក្នុងការដោះស្រាយសំណុំរឿងនៅសាលាដំបូងដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង គឺពិតជាមានការចូលរួមចំណែកយ៉ាងសំខាន់ពីស្ថាប័នពាក់ព័ន្ធនានា ជាពិសេសមន្ដ្រីនគរបាលយុត្តិធម៌ ហើយពិតជាមិនអាចខ្វះបានក្នុងការធ្វើទំនាក់ទំនង និងសហប្រតិបត្តិការជាមួយនឹងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង។
លោក គឹម រ័ត្នណារិន បានបន្តថា ថ្ងៃនេះ គឺជាពេលវេលាមួយយ៉ាងល្អជាទីបំផុត ដោយសាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ បានជួបប្រជុំគ្នា ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ដោះស្រាយលើបញ្ហាមួយចំនួនដែលនៅសេសសល់ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ក្នុងគោលដៅបន្ដបេសកកម្ម បម្រើសេវាយុត្តិធម៌ឱ្យបានកាន់តែល្អប្រសើរជូនដល់ប្រជាជន ដែលរស់នៅក្រោមដំបូល «សន្ដិភាព»។
ប្រធានសាលាដំបូង បានបញ្ជាក់ជូនបន្ថែមថា លោកអនុប្រធាន លោកព្រះរាជអាជ្ញារង និងចៅក្រមទាំងអស់នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បាននិងកំពុងបន្ដខិតខំប្រឹងប្រែងធ្វើចំណាត់ការលើសំណុំរឿងរបស់ខ្លួន ប្រកបដោយឆន្ទៈមុះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ដើម្បីជៀសវាងកុំឱ្យស្ថានភាពនៃការកកស្ទះសំណុំរឿងព្រហ្មទណ្ឌកើតឡើងជាថ្មី និងពង្រឹងប្រសិទ្ធភាព នៃការបម្រើសេវាយុត្តិធម៌ឱ្យបានត្រឹមត្រូវជូប្រជាពលរដ្ឋ។
បើតាម សេង ស៊ីវុត្ថា បានលើកឡើងថា ការរៀបចំកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបន្ដពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងជាជំនួបពិភាក្សា ស្វែងរកដំណោះស្រាយនានា ដើម្បីធ្វើយ៉ាងឱ្យការបម្រើសេវាយុត្តិធម៍ជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង ស្របនឹងនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៍ របស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយឡែកលោក អ៊ុក សាវុធ បានលើកឡើងថា ក្នុងនាមមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន បើពុំដូច្នេះទេ កិច្ចដែលយើងធ្វើនឹងនាំឱ្យមានមោឃភាព ឬទទួលនូវទណ្ឌកម្មវិន័យ។ ម្យ៉ាងវិញទៀត ក្នុងក្របខណ្ឌនៃការអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការស៊ើបអង្កេត ឬការអនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ត្រូវទទួលការណែនាំ និងបញ្ជារពីតំណាងអយ្យការ ឬចៅក្រមស៊ើបសួរ។
ឆ្លៀតឱកាសនេះ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកអគ្គព្រះរាជអាជ្ញា និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនកិច្ចអំពីការវិវត្តនៃហេដ្ឋារចនាសម្ព័ន្ធរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានបន្ទប់សវនការ បន្ទប់ប្រជុំ បណ្ណាល័យ និងកន្លែងទទួលពាក្យបណ្តឹង និងលិខិតរដ្ឋបាលផ្សេងៗ។
គួររំលឹកផងដែរថា អង្គប្រជុំក៏បានពិភាក្សាផ្លាស់ប្ដូរនូវមតិយោបល់ និងលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់នាពេលកន្លងមក រវាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជាមួយមន្ដ្រីនគរបាលយុត្តិធម៌ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យការអនុវត្តច្បាប់ និងការដោះស្រាយសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ទទួលបាននូវជោគជ័យបន្ថែមទៀត៕