(បាភ្នំ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង រួមជាមួយសហការី បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងលើកទិសដៅកំណត់ផែនការសកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ បានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំទាំង៩ សមាជិកក្រុមការងារ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ជាមេឃុំ ជំទប់ និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ មន្រ្តីអាជ្ញាធរប្រដាប់អាវុធ ប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព និងលោកនាយកសាលាទូទាំងស្រុក សរុបអ្នកចូលរួមប្រមាណ ៤៦៥នាក់។
ជាបឋម លោក ម៉ៅ អ៊ាង ប្រធានគណៈកម្មាធិការបក្សស្រុកបាភ្នំ បានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ និងបានរាយការណ៍សង្ខេបពីសកម្មភាពការងារនៅតាមមូលដ្ឋានភូមិ-ឃុំទាំងអស់ក្នុងស្រុកបាភ្នំ ជាពិសេសការចុះជួបសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងស្រុកបាភ្នំដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលយើងទទួលបានតំណែងជាមេឃុំនិងជំទប់ទី១នៅគ្រប់ឃុំទាំង៩ នៃស្រុកបាភ្នំ។
បន្ទាប់ពីការចូលរួមមតិរបស់តំណាងគណបក្ស និងក្រុមការងារឃុំលើការវាយតម្លៃពីសភាពការណ៍ទូទៅកន្លងមក ជាអាទិ៍ស្ថានការណ៍ជាក់ស្តែងនៃសន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចជីវភាពតាមមូលដ្ឋានរួចមក លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិបូកសរុបកិច្ចប្រជុំ ដោយបានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណជាអតិបរមាជាថ្មីម្តងទៀត ជូនចំពោះកម្លាំងសរុបរបស់ក្រុមការងារ និងគណបក្សមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសក្តិសមជាមួយជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានធ្វើការបញ្ជាក់រំលឹកបន្ថែមដល់សមាជិកសមាជិកាទាំងអស់ អំពីការបន្តចូលរួមបង្ការទប់ស្កាត់កូវីដ១៩ ដោយពង្រឹងខ្ជាប់ខ្ជួនវិធានការ ៣ការពារ ៣កុំ ដើម្បីជំរុញចលនាសកម្មភាពជាក់ស្តែងនៃរបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មីក្នុងពេលដែលជំងឺដ៏កាចសាហាវនេះនៅមិនទាន់ត្រូវបានលុបបំបាត់ចោលទាំងស្រុង ពិសេសត្រូវត្រងត្រាប់ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយត្រូវរួមគ្នាជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋដើម្បីបង្កើនភាពស៊ាំសហគមន៍ សំដៅចូលរួមពង្រឹងការបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញឱ្យបានរឹងមាំជារៀងរហូត។
ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានគូសបញ្ជាក់សាជាថ្មីឡើងវិញពីកាតព្វកិច្ច ក្នុងការតបស្នងចំពោះជំនឿទុកចិត្ត និងការគាំទ្រដ៏រឹងមាំរបស់ប្រជាជនមកលើគណបក្សប្រជាជន កម្ពុជា គឺត្រូវរួមគ្នាបន្តពុះពារជំរុញអនុវត្តសម្រេចភារកិច្ចនយោបាយតាមមុខសញ្ញានៅគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ដើម្បីប្រែក្លាយការបេ្តជ្ញាចិត្តជាយុទ្ធសាស្រ្តនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ឱ្យទៅជាចលនាសកម្មភាពជាក់ស្តែងនៃអំពើល្អ បម្រើប្រជាជនគ្រប់ពេលវេលា គ្រប់ទីកន្លែង សំដៅរក្សា និងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានឆ្ពោះទៅដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខនេះ៕