(ភ្នំពេញ)៖ ក្រុមវិស្វករ និងកម្មករចំនួន៣០០នាក់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសាងសង់គំរោង Booyoung Town នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានលើកគ្នាតវ៉ា ដោយសារតែម្ចាស់ក្រុមហ៊ុន មិនបើកប្រាក់ខែដល់ពួកគាត់។
បើតាមតំណាងកម្មករ ជនជាតិកូរ៉េ ដែលបានចូលរួមក្នុងការតវ៉ានេះ បានឱ្យដឹងថា តាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះថា ក្រុមហ៊ុន Booyoung មិនបានបើកប្រាក់ខែ ឱ្យពួកគេរយៈពេលពីរខែមកហើយ ទើបការតវ៉ានេះបានកើតឡើង។
តំណាងកម្មករបានបន្តថា «អ្វីដែលពួកគេទាមទារគឺប្រាក់ខែ ដើម្បីសម្រួលដល់ជីវភាពរស់នៅ»។ លោកបន្តថា «កម្មករទាំងនេះ កំពុងធ្វើការសាងសង់សាលារៀនរបស់ក្រុមហ៊ុន Booyoung Town ដែលមានទីតាំងនៅខាងក្រោយគំរោងខុនដូ Booyoung ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៉ី»។
តំណាងកម្មកររូបនេះបានបន្តទៀតថា ប្រាក់ខែដែលក្រុមហ៊ុននេះមិនទាន់បើកឱ្យពួកគេ គឺចាប់ពីខែមិថុនា ខែកក្កដា និងខែសីហានេះ ក៏ពួកគេមិនដឹងទទួលបានឬយ៉ាងណានៅឡើយ។
បើតាមសេចក្តីរាយការណ៍ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា បន្ទាប់ពីលើកគ្នាតវ៉ា គិតមកត្រឹម១០៖៥៤នាទី ថ្ងៃទី២២ ខែសីហានេះ គឺកម្មករទាំងអស់បានបំបែកជួរគ្នាហើយ ខណៈតំណាងកម្មករ និងក្រុមហ៊ុនបានចូលរួមជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយ។
សម្រាប់ព័ត៌មានបន្ថែមជុំវិញការលើកគ្នាមកតវ៉ានេះ បណ្តាញព័ត៌មាន Fresh News នឹងផ្សាយនៅពេលក្រោយ៕