(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ចំពោះមរណភាពរបស់ មហាវិរិយាភិរក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតឯកឧត្តមទេសរដ្ឋមន្ត្រី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយយ៉ាងក្រៃលែងជាទីបំផុតដោយទទួលដំណឹងអំពីមរណភាព របស់ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុករបស់ ឯកឧត្តម និងលោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ»។
សម្តេចបានបន្ដទៀតថា «ខ្ញុំ សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ដែលបានបាត់បង់ឪពុក ជីតា និងជីតាទួត ប្រកបដោយព្រហ្ម វិហាធម៌ ជាទីគោរពស្រឡាញ់បំផុត»។
ជាថ្មីម្ដងទៀត សម្តេច បានបន្ថែមថា «ខ្ញុំ និងភរិយា សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង បានទៅសោយសុខ ក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ»៕