(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ចំពោះមរណភាពរបស់ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើត។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាវិរិយាភិរក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ទេសរដ្ឋមន្តី បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨៖០០ល្ងាច ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ»

សម្ដេចបានបន្ដទៀថា «ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃនិងមិនចេះរីងស្ងួត ក្នុងការអប់រំ ទូន្មានបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងរហូតក្លាយជាបញ្ញាវន្តឆ្នើមរបស់ជាតិ។ ទោះបីរូបកាយរបស់មហាវិរិយាភិរក្ខសិរី អគ្គមហា ឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសលកិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»

ជាថ្មីម្ដងទៀត សម្តេច បានបន្ថែមថា «សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»