(កំពង់ឆ្នាំង)៖ អាជ្ញាធរស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បាននិងកំពុងជួសជុលផ្លូវលំប្រវែង១០គីឡូម៉ែត្រស្របតាមដងទន្លេ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋនៅក្នុងឃុំជលសារ និងឃុំពាមឆ្កោក ក្នុងស្រុកជលគិរី។
លោក ដូវ គឹមស៉ីន អភិបាលស្រុកជលគិរី នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការជួសជុលផ្លូវលំមួយខ្សែនេះក្នុងគោលបំណងដើម្បីប្រជាពលរដ្ឋនៅក្នុងឃុំជលសារ និងឃុំពាមឆ្កោកធ្វើចរាចរណ៍ទៅមកនិងដឹកជញ្ជូនកសិផលស្រែប្រាំង និងដំណាំកសិកម្មទៅកាន់ទីផ្សារក្នុងខេត្តកំពង់ចាមផងដែរ។
លោកអភិបាលស្រុកជលគិរីឱ្យដឹងទៀតថា ផ្លូវនេះត្រូវបានធ្វើការជួសជុលដែលមានប្រវែងជាង១០គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចេញពីភូមិព្រៃគ្រីជើងទៅដល់មុខសាលាឃុំពាមឆ្កោក ស្រុកជលគិរី ដោយប្រើប្រាស់ថវិកាមូលនិធិរបស់រដ្ឋបាលស្រុកជលគិរីឆ្នាំ២០២២ ថវិការបស់ក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានស្រុកជលគិរី និងថវិការបស់សប្បុរសជនមួយចំនួនផងដែរ។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា នៅក្នុងស្រុកជលគិរីមានឃុំ២ គឺឃុំជលសារ និងឃុំពាមឆ្កោក ដែលផ្លូវលំមានការខូចខាតខ្លាំងលំបាកក្នុងការធ្វើដំណើរ ដោយផ្លូវទាំង២ខ្សែនេះបានលិចទឹកទន្លេ៦ខែ និងគោក៦ខែ ហើយផ្លូវមួយខ្សែនេះដែរអាចនឹងជួលជុលរួចរាល់ក្នុងរយៈពេល១៥ថ្ងៃខាងមុខនេះ៕