(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ ករណីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលត្រូវបានមន្រ្តីយោធាស័ក្តិ៤ម្នាក់ នៅខេត្តកោះកុងប្រើល្បិច ឃុបឃិតគ្នាជាមួយអាជ្ញាធមូលដ្ឋាន តាំងពីជំនាន់លោក លី សាវេត ប្រើអំណាចគៀបសង្កត់គំរាមប្លន់យកទំហំដី ដែលជាកម្មសិទ្ធិរបស់លោកយាយម្នាក់ មិនទាន់ត្រូវបានដោះស្រាយចប់នៅឡើយទេ។ គ្រួសារជនរងគ្រោះ មានតែសុំកិច្ចអន្តរាគមន៍ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជួយរកយុត្តិធម៌ និងបញ្ចប់បញ្ហាដុះស្លែមួយនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ គ្រាចូលដោះស្រាយគ្នា នៅមន្ទីសុរិយោដីភ្នំពេញ ត្រូវបានមន្រ្តីយោធាឈ្មោះ លី សឹង្ហ បង្កការអុកឡុកបម្រុងប្រើ អំពើហិង្សានៅក្នុងបន្ទប់សវនាការ ធ្វើឲ្យដំណើរការកាត់សេចក្តីត្រូវរំសាយ ដោយគ្មានលទ្ធផលអ្វីទាំងអស់។ នេះបើយោងតាមការឲ្យដឹងពីសំណាក់គ្រួសារជនរងគ្រោះ លោកយាយ កែវ មុន្នីចិន្តា ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ។
លោកយាយ កែវ មុន្នីចិន្តា បានរៀបរាប់ឲ្យដឹងទៀតថា ករណីទំនាស់ដីធ្លីដែលត្រូវបានមន្រ្តីយោធាស័ក្តិ៤ ឈ្មោះ លី សឹង្ហ ប្រើអំណាច និងយកឈ្មោះអ្នកធំមកគំរាម ឃុបឃិតគ្នាជាមួយអាជ្ញារធមូលដ្ឋាន ភូមិបាយ៉ាមក្លែងឯកសារំលោភប្លន់យកដីរបស់ពួកគាត់នេះ គឺមានរយៈពេល៣ឆ្នាំ មកហើយតែរហូលមកទល់ពេលនេះ នៅពុំទាន់មានដំណោះស្រាយរកយុត្តិធម៌ ជួនពួកគាត់ឡើយខណៈឯកសារពួកគាត់ គឺមានគ្រប់គ្រាន់ទាំងអស់ពោលរង់ចាំតែទទួលប្លង់រឹង តែប៉ុណ្ណោះព្រោះបង្កាន់ដៃទទួលប្លង់ក៏មាននៅពួកគាត់ផងដែរនោះ។
ជាមួយគ្នានេះដែរ លោកយាយ កែវ មុន្នីចិត្តា មានអាយុ៦២ឆ្នាំ បានអះអាងប្រាប់ឲ្យដឹងថា ដីទំនាស់ដែលមានទំហំ១៣១៨៣ម៉ែត្រការ៉េខាងលើនេះ គឺប្តីរបស់ឈ្មោះលោកតា សំ ម៉េន បានទិញតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយបន្ទាប់ពីគាត់ និងប្តីគឺលោកតាសំ ម៉េន ទិញបានរយៈពេល២ឬ៣ឆ្នាំ ក៏នាំគ្នាចាប់ផ្តើមចូលមករស់នៅលើដីនេះ និងបានចាប់ផ្តើមសាងសង់ធ្វើជាកន្លែងអាស្រមសដើម្បីទុកជាទីស្ការៈគោរពបូជាដែលមាន រូបសំណាក់ព្រះបដិម៉ាករ និងព្រះនរាយជាដើម….។អំឡុងពេលកំពុងសាងសង់ដោយមើលឃើញពីភាពខ្វះខាត និងក្តីអាណិតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន១០០តោន ដើម្បីបន្តការងារសាងសង់នៅទីកន្លែងនោះ។
លោកយាយ កែវ មុន្នីចិន្តា បាននិយាយថា ដីទួលព្រះជិនស្រីនេះលោកតា សំ ម៉េន ត្រូវជាប្តីរបស់គាត់បានទិញពីម្ចាស់ដើមចំនួន៤ទៅ៥ម្ចាស់ ដែលមានលិខិតទិញលក់ផ្ទេសិទ្ធិត្រឹមត្រូវ និងមានការដឹងឭស៊ីញ៉េ ផ្តិតមេដៃ ពីសំណាក់លោកមេភូមិប៉ាយ៉ាប សព្វថ្ងៃឈ្មោះ មុយ ជា ព្រមទាំងម្ចាស់ដើម និងមានសាក្សីដឹងឭទៀតផង។ ប៉ុន្តែនៅឆ្នាំ២០១៣ក្រោយពេលដែលប្តីរបស់គាត់លោកតា សំ ម៉េន ស្លាប់ក៏ត្រូវបានឈ្មោះ លី សឹង ជាមន្រ្តីយោធាសក្តិ៤ នៅខេត្តកោះកុង ចាប់ផ្តើមបង្កបញ្ហាប្រើអំណាច និងយកឈ្មោះអ្នកធំមកគំរាមកំហែងសំឡុត ចង់បានដីរបស់គាត់ពាក់កណ្តាល ដោយមានការឃុបឃិតគ្នាជាមួយអាជ្ញាធមូលដ្ឋាន ដើម្បីបានកម្មសិទ្ធិកាន់កាប់ដី ខាងលើនេះពាក់កណ្តាល។
លោកយាយ កែវ មុន្នីចិន្តា បានរៀបរាប់ទៀតថា បន្ទាប់ពីការដោះស្រាយនៅត្រឹមថ្នាក់ភូមិសង្កាត់មិនបានលទ្ធផលផ្លែផ្កានោះឈ្មោះ លី សឹង ក៏បានប្តឹងបន្តឡើងទៅមន្ទីសុរិយោដី ដោយមានការចូលរួមគំនិត ពីសំណាក់មេភូមិប៉ាយ៉ាបឈ្មោះ មុយ ជាក្នុងការបំភ្លៃឯកសាខ្លះៗ ដើម្បីឲ្យឈ្មោះ លី សឹងបានបន្តធ្វើកិច្ចការនេះ។
ជាលទ្ធផលក្រោយពីមានបណ្តឹងខាងមន្ទីសុរិយោដី ក៏បានចេញសេចក្តីសម្រេចមួយដោយកាត់សេចក្តីឲ្យឈ្មោះ លី សឹង មានសិទ្ធិកាន់កាប់ដីនេះពាក់កណ្តាល។ លោកយាយបានបន្ថែមថា ដោយកើតក្តីមិនសុខចិត្ត ព្រោះតែអំពើអយុត្តិធម៌ដែលបានកាត់សេចក្តីសម្រេចឲ្យ បែងចែកទំហំដីពាក់កណ្តាលទៅឲ្យមន្រ្តីយោធាឈ្មោះ លី សឹង ទាំងបុគ្គលនេះ គ្មានជាប់ពាក់ព័ន្ធជាអ្វីជាមួយដីនេះអ្វីបន្តិចនោះ ពោលសូម្បីតែឯសាកម្មសិទ្ធិកាន់កាប់ ឬទិញពីភាគីម្ចាស់ដើមក៏គ្មានផង។
ដូច្នេះហើយទើបក្រុមគ្រួសារលោកយាយ បានដាក់ពាក្យប្តឹងជំទាស់សេចក្តីសម្រេចនេះហើយអំពាវនាវ សុំការជួយអន្តរាគមន៍រកយុត្តិធម៌ពីថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យជម្រុញឲ្យមន្រ្តីស្ថាប័នពាក់ព័ន្ធសើររើរឿងនេះ ជាថ្មីឡើងវិញព្រោះដីខាងលើនេះ ជាកម្មសិទ្ធិទិញស្របច្បាស់ របស់គ្រួសារគាត់។ អង្គភាពFresh News នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ មិនអាចស្វែងរកការបំភ្លឺតាមទូរស័ព្ទពីលោក លី សឹង្ហ បាននៅឡើយទេខណៈលេខទូរស័ព្ទត្រូវបានបិទ។ ដោយឡែកលោកមេភូមិបាយ៉ាប មុយ ជា ក៏មិនទាន់អាចស្វែងរកការសួរនាំបាននៅឡើយដែរ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធិផល នានានៅវត្តឥន្ទកោសិយ ហៅវត្ត ចំការម្លូ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ បានគូសបញ្ជាក់ថា ឱកាសនៃការរំលោភបំពានដីធ្លីពីសំណាក់អ្នកមានលុយ មានអំណាចទៅលើប្រជាពលរដ្ឋស្លូតត្រង់ នឹង ត្រូវចប់ហើយបើទោះបីមិនទាន់បញ្ចប់ទាំងស្រុងតែក៏កំពុងតែថមថយជាបណ្តើរៗហើយ។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានថ្លែងព្រមានថានឹងកោះកកាយ ឲ្យអស់រាល់ការរំលោភបំពានដីធ្លី ពីសំណាក់អ្នកមានអំណាច ដើម្បីស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋស្លូតត្រង់ បើទោះបីអ្នករំលោភដីប្រជាពលរដ្ឋនោះ មានឋានៈបុណ្យស័ក្តិធំ ឬដុះចង្កូមនៅលើក្បាលក៏ដោយនោះ៕