(ឧត្តរមានជ័យ)៖ បញ្ហាអាកាសធាតុភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យរងការប៉ះពាល់ ដូចជា លិចលង់ផ្ទះសម្បែង សត្វចិញ្ចឹម ដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមព្រំដែន ក៏ដូចជាខូចខាតផ្លូវមួយចំនួនតាមក្រវាត់ព្រំដែនជាដើម។

បើតាមរបាយកាណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មានFresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ឃុំព្រះប្រឡាយក្នុងស្រុកត្រពាំងប្រាសាទមានទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋ២គ្រួសារ គឺនៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ខូចផ្លូវក្រវាត់ព្រំដែនប្រវែង១៥០ម៉ែត្រ សត្វចិញ្ចឹមមាន់ទា៨០ក្បាល និងខូចខាតផ្លូវមូលនិធិឃុំមួយចំនួន ដូចជា ភូមិប្រាសាទក្រហមសែនជ័យដែលទឹកហូរច្រោះដីមាត់លូ និងបាក់លូ១កន្លែង ហើយភូមិត្រាំប៉ោងស្រុតដីលើលូចំនួន១កន្លែង។

អាជ្ញាធរឃុំបានចុះពិនិត្យមើលតាមភូមិនីមួយៗអំពីស្ថានភាពទឹកជំនន់ដែលជន់លិចក្រោយពីមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា និងសហការជាមួយកងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល កងកម្លាំងយោធាវរសេនា៤១៤ សរុបចំនួន១៣នាក់ ជួយជម្លៀសប្រជាពលរដ្ឋ២គ្រួសារទៅទីទួលមានសុវត្ថិភាព។ ក្រោយពីជម្លៀសប្រជាពលរដ្ឋរួច លោកមេឃុំបានឧបត្ថម្ភមី២កេស លោក ញ៉ែម ពុធ និងប្រពន្ធឈ្មោះ សួន សុភាព នៅភូមិបន្ទាយចាស់ បានឧបត្ថម្ភអង្ករ៥០គ.ក មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ តាមរយៈលោកមេឃុំ និងបានប្រគល់ជូនដល់ប្រជាពលរដ្ឋ២គ្រួសារជួបគ្រោះទឹកជំនន់ខាងលើ។

ដោយឡែកចំពោះឃុំអូរស្វាយ និងឃុំផ្អាវ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ត្រូវទឹកជន់លិចផ្លូវយុទ្ធសាស្ត្រដោយកន្លែង និងលិចផ្លូវនៅចំណុចអូរបីជាន់ប្រហែល១៥០ម៉ែត្រ។ រីឯឃុំបាក់អន្លូង ភ្លៀងជន់លិចផ្លូវមូនិធិឃុំនៅភូមិទួលប្រសើរ និងភូមសុខសិរី។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fres News ឱ្យដឹងនៅព្រឹកនេះដែរថា ឃុំមួយចំនួននៅក្នុងស្រុកត្រពាំងប្រាសាទ ពិសេសតំបន់តាមជួរភ្នំដងរ៉ែក នៅថ្ងៃម្សិលម៉ិញនេះភ្លៀងធ្លាក់រហូតកម្រិត១៧៦.៥០មីលីម៉ែត្រ បានន័យថា ភ្លៀងខ្លាំង ហើយបណ្តាលឱ្យមានទឹកជំនន់ហូរកាត់ផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនមួយកន្លែង និងតាមឃុំមួយចំនួន តែការជន់លិចនេះគឺមានតែរយៈពេល៣ម៉ោងប៉ុណ្ណោះ មកដល់ពេលនេះទឹកស្រកវិញហើយ ចំណែកតាមបណ្តាស្រុក/ក្រុងមួយចំនួនទៀតមិនមានបញ្ហាដោយទឹកជំនន់នោះទេ៕