(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានគូសបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិក-សមាជិកា ចូលរួមដោយគ្មានការរើសអើង ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូសហការផ្សេងៗយ៉ាងទូលំទូលាយ។
ការគូសបញ្ជាក់បែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។
នាឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ ឆ្នាំមកហើយ និងមានសមាជិក-សមាជិកាចំនួនជាង ០៨ពាន់នាក់ ហើយបានធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស។ លទ្ធផលជាក់ស្ដែងមកទល់ពេលនេះ គឺបានព្យាបាលប្រជាពលរដ្ឋបានចំនួនជិត ៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង០៦ពាន់នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកបណ្ឌិត បានបន្តថា សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការដែលមកជំនួស្យឱយន្តការរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយដែលដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលស្របទៅតាមការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេសគឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផ្ទាល់តែម្តង។ ជាគោលនយោបាយថ្នាក់ជាតិ និងជាគោលគំនិតដ៏សប្បុរសរបស់សម្តេចតេជោ គឺសម្តេចតែងតែលើកទឹកចិត្តជានិច្ចដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ឱ្យចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាពដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាលក៏ជាវិស័យអាទិភាពមួយផងដែរ។
បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អរគុណសមាជិក-សមាជិកាសមាគម ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រើប្រាស់ចំណេះដឹងជំនាញ និងបទពិសោធន៍ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសប្បុរសជន ដែលបាននឹងកំពុងឧបត្ថម្ភសម្ភារបរិក្ខារ ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូសហការដែលបានជួយឧបត្ថម្ភគាំទ្រតាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្ម ក៏ដូចជាការជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាពរបស់សមាគម៕