(ព្រះវិហារ)៖ រយៈពេល២ថ្ងៃហើយ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២២ ដែលលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ និងបន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកជាំក្សាន្ត ស្រុកជ័យសែន និងស្រុករវៀង ដើម្បីត្រៀមលក្ខណៈសង្រ្គោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីគ្រោះទឹកជំនន់កើតមានឡើង។

ការចុះពិនិត្យស្ថានភាពទឹករបស់លោកអភិបាលខេត្តព្រះវិហារ គឺបន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាលឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់ទំនាបលើភូមិចំនួន៧ ក្នុងភូមិសាស្រ្ត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គិតត្រឹមថ្ងៃទី២១ ខែសីហា ទឹកជំនន់នេះបានធ្វើឱ្យលិចផ្ទះប្រជាពលរដ្ឋ៣៦ខ្នង ប៉ើងហូរតាមទឹក១ខ្នង លិចផ្លូវប្រវែង៤.១៣៥ម៉ែត្រ លូចំនួន២៦កន្លែង ដីស្រែចម្ការ២១ហិកតា ងាប់គោ១ក្បាល ខូចខាតសម្ភារ និងមធ្យោបាយមួយចំនួន។

ក្នុងហេតុការណ៍ជំនន់ទឹកភ្លឿងនេះ កម្លាំងអាជ្ញាធរស្រុក ឃុំ សហការជាមួយកម្លាំងនគរបាលស្រុក និងកម្លាំងកងពលតូចអន្តរាគមន៍លេខ៧ចុះជួយសង្រ្គោះបានទាន់ពេលវេលា ដោយបានសម្រួលផ្លូវ ដឹកជញ្ជូនសម្ភារ មធ្យោបាយ និងជម្លៀសប្រជាពលរដ្ឋរងគ្រោះមកកាន់ទីទួលដោយសុវត្ថិភាព ពុំមានបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

បើទោះបីស្ថានទឹកចាប់ផ្តើមស្រកចុះជាបណ្តើរៗហើយក៏ដោយ ប៉ុន្តែកម្លាំងអន្តរាគមន៍ជួយសង្រ្គោះបានត្រៀមលក្ខណសម្បត្តិ គ្រប់ពេលវេលា២៤ម៉ោងលើ២៤ម៉ោងក្នុងករណីទឹកជំនន់មានការហក់ឡើងវិញ។ ចំណែកនៅលើភ្នំប្រាសាទព្រះវិហារមានភ្លៀងធ្លាក់ជាប់ៗគ្នា ប្រមាណ៧ថ្ងៃនឹង នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ភ្លៀងពេញមួយយប់បណ្តាលឲ្យច្រោះផ្លូវឡើងទៅលើភ្នំត្រង់ម្តុំខាងលើចម្ការចេក។

នៅថ្ងៃទី២២នេះ លោកអភិបាលខេត្តព្រះវិហារបានបន្តដឹកនាំក្រុមការងារ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យតាមតំបន់ព្រំដែន ពិនិត្យស្ថានភាពទឹកជាក់ស្តែងបន្តទៀត៕