(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បានលើកឡើងថា «បរិច្ចាគឈាម ស្មើនឹង បង្កើតធនាគារឈាមសម្រាប់អ្នក» ពោលគឺ យើងនឹងទទួលបានប័ណ្ណមួយសន្លឹក ប័ណ្ណនេះដែរ យើងគ្រាន់តែបង្ហាញគ្រូពេទ្យនៅពេល ដែលយើងត្រូវការឈាម ដើម្បីសង្គ្រោះក្រុមគ្រួសារយើង គេចាត់ចែងឈាមឲ្យយើងជាអាទិភាព។
នៅលើ Facebook របស់ខ្លួន លោក ស សុខា បានបញ្ជាក់ថា «តាមវេជ្ជបណ្ឌិត ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាព អាយុជីវិត បញ្ញាស្មារតី មិនឆ្លងមេរោគ និងមិនបាត់បង់ឈាមរបស់អ្នកបរិច្ចាគឡើយ ទោះជាមិនបរិច្ចាគ ក៏ឈាមរបស់យើងត្រូវបាត់បងទៅ (ងាប់) រួចវាកើតថ្មីឡើងវិញដែរ»។ លោកក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមកុំសង្ស័យ និងកុំបារម្ភថា គ្រូពេទ្យយកឈាមរបស់យើងទៅលក់ដូរអី។ ជាចុងក្រោយ លោកក៏បានបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ជៀច នឹងរៀបចំពិធីបរិច្ចាគឈាម នាពេលខាងមុខឆាប់ៗនេះ៕