(ព្រះវិហារ)៖ ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមព្រំដែនជើងភ្នំដងរ៉ែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងការលិចលង់។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះដែរ កងទ័ពក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ជិត១០០នាក់ ភ្ជាប់ជាមួយសម្ភារសង្គ្រោះជាច្រើនប្រភេទបានចុះជួយប្រជាពលរដ្ឋដែលផ្ទះរបស់គាត់រងការលិចលង់ដោយទឹកជំនន់។
ក្រោមការណែនាំនិងចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកវរសេនីយ៍ទោ កើត នឿន នាយសេនាធិការរងកងពលតូចអន្តរាគមន៍លេខ៧ ដឹកនាំកម្លាំងចំម្រុះចំនួន៨៦នាក់ចុះជួយអន្តរាគមន៍សម្រួលផ្លូវ មធ្យោបាយ សម្ភារដឹក សហការជាជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋនៅភូមិសែនជ័យ និងភូមិបុស្សស្បូវ ស្ថិតក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅតាមបន្ទាត់ព្រំដែនដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
សូមបញ្ជាក់ថា ដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នា បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួននៅតាមបន្ទាត់ព្រំដែនជន់លិចដល់ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ ក្នុងនោះកងកម្លាំងអន្តរាគមន៍របស់កងពលតូចអន្តរាគមន៍លេខ៧បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋក្នុងទីតាំង ដែលបានត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕