(ភ្នំពេញ)៖ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានចូលរួមទទួលទង់ ធ្វើជាម្ចាស់ផ្ទះការប្រកួត ប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon ពីប្រទេសឥណ្ឌា តាមប្រព័ន្ធអនឡាញ ដើម្បី ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតរ៉ូបូតអន្តរជាតិនៅកម្ពុជា នាឆ្នាំ២០២៣។
នេះជាមោទនភាព និងកិត្តិយស ដែលទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ទទួលបានការអនុញ្ញាដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានសិទ្ធិពីABU ក្នុងការរៀបចំការប្រកួតរ៉ូបូតដ៏ធំសម្រាប់និស្សិតក្នុងតំបន់អាស៊ីប៉ាស៊ីភិក ជាលើកទី១ ជាប្រវត្តិសាស្រ្ត នាឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរ កម្មវិធីការប្រកួតប្រជែងរ៉ូបូត ABU Robocon 2023គឺជាការប្រកួតប្រជែងរ៉ូបូត ផលិតចេញពីនិស្សិតផ្ទាល់យកមកប្រកួតប្រជែងគ្នា ទៅតាមវិញ្ញាសាខុសៗគ្នា។ ឆ្នាំ២០២៣ កម្ពុជា នឹងជ្រើសរើសវិញ្ញាសា «រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត ឬរ៉ូបូតយកកងគប់លើបង្គោល» ដែលបំប្លែងចេញពីការបញ្ចូលគ្នារវាង របាំជូនពរ និងល្បែងបោះឡូ។
ក្នុងនោះ និស្សិតនៃបណ្តាប្រទេសទាំងអស់ នឹងត្រូវប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិ នៃប្រទេសរៀងៗខ្លួន ទើបបញ្ជូនជើងឯក មកប្រកួតកម្រិតអន្តរជាតិ នៅកម្ពុជា។ សម្រាប់ ឆ្នាំ២០២៣ នឹងរំពឹងទុកថា មានក្រុមរ៉ូបូតមកពីប្រទេសជិត២០ មកប្រកួតនៅរាជធានីភ្នំពេញ នាចុងខែសីហា៕