(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានសម្តែងការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងលើគម្រោង CHAIN របស់ប្រទេស ស្វីស ដែលបានចូលរួមអភិវឌ្ឍន៍លើវិស័យកសិកម្ម នៅក្នុងខេត្តស្ទឹងត្រែង ជាផ្នែកមួយជួយលើកកម្ពស់ដល់ជីវភាព របស់ប្រជាពលរដ្ឋនៅក្នុង ខេត្តស្ទឹងត្រែង។

ការបង្ហាញនូវកិច្ចគាំទ្ររបស់លោក ម៉ុម សារឿន ទៅលើគម្រោង CHAIN បានស្តែងឡើងនៅក្នុងឱកាសដែលរូបលោក អនុញ្ញាតឲ្យតំណាងស្ថានទូតប្រទេសស្វីស និង ប្រធានគម្រោង CHAIN ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ។

ក្នុងជំនួបពិភាក្សានេះ តំណាងស្ថានទូតប្រទេសស្វីស បានលើកឡើងពីគម្រោង CHAIN ដែលទទួលបានការគាំទ្រពីភ្នាក់ងារប្រទេសស្វីស ដើម្បីអភិវឌ្ឍន៍ និង កិច្ចសហប្រតិបត្តិការ (SDC) ដោយផ្តោតសំខាន់លើផ្លែឈើ បន្លែ និង គាំទ្រដល់កសិករ អ្នកកែច្នៃ ដើម្បីបង្កើនផលិតកម្មប្រកបដោយនិរន្តភាព ប្រាក់ចំណូល និង ភាពធន់ទ្រាំ នៅក្នុងខេត្តចំនួនបួននៅកម្ពុជា រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

លោកអភិបាលខេត្តស្ទឹងត្រែង បានសម្តែងការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការនេះ និង គាំទ្រចំពោះគម្រោង CHAIN ដែលមានចក្ខុវិស័យអភិវឌ្ឍន៍លើវិស័យកសិកម្ម នៅខេត្តស្ទឹងត្រែង ក៏ដូចជាក្នុងខេត្តផ្សេងៗទៀត ស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ដែលខិតខំបង្កើនធនធានក្នុងស្រុក និងកៀងគរធនធានពីបណ្តាដៃគូអភិវឌ្ឍន៍នានា ចូលរួមអភិវឌ្ឍផែនការយុទ្ធសាស្រ្តនេះ ឲ្យសម្រេចបាននូវសមិទ្ធផល ប្រកបដោយគុណភាព និង មានប្រសិទ្ធភាពខ្ពស់ ក្នុងការលើកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់។

តំណាងស្ថានទូតស្វីស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនានា ដែលគាំទ្រ និង ជួយសម្រួលដល់គម្រោង CHAIN ក្នុងការអនុវត្តការងារបានរលូន ក្នុងរយៈពេលកន្លងមក។

សូមបញ្ជាក់ថា គម្រោង CHAIN គឺផ្តោតសំខាន់លើកសិករ ការដាំដុះនៅទីវាល បង្កើនសេវាកម្ម និងពង្រឹងសមត្ថភាពដល់កសិករតាមរយៈភ្នាក់ងារ ផ្សព្វផ្សាយសាធារណៈ។ គម្រោងនេះ ដើរតួជាចលករជួយកសិករផ្សារភ្ជាប់ទីផ្សារ ជួយជំរុញផលិតកម្មបន្លែ និង បង្កើនតម្រូវការសម្រាប់ភ្នាក់ងារប្រឹក្សាយោបល់ កសិកម្មឯកជន៕