(កាប៊ុល)៖ ក្រុមភេរវករតាលីបង់ បានចេញប្រតិបត្តិការសងសឹកក្រោយ មេដឹកនាំកំពូលផុតលេខរបស់ ខ្លួនស្លាប់មួយសប្តាហ៍ ដោយពួកគេបានសម្លាប់អ្នកដំណើរលើរថយន្តក្រុងមួយគ្រឿងចំនួន ១៦នាក់ និង ៤៥នាក់ទៀតត្រូវបានចាប់ជម្រិតយកទៅបាត់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។
ទង្វើដ៏ព្រៃផ្សៃខាងលើនេះ បានកើតឡើងទៅខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយពួកតាលីបង់បាន ចាប់ស្ទាក់រថយន្តក្រុងមួយ ដែលបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយ និងដឹកមនុស្ស សរុបជាង ៥០នាក់។ មន្ត្រីយោធាអាហ្វហ្គានីស្ថាន បានប្រាប់ស៊ិនហួរ តាមទូរស័ព្ទថា «យោធាបាន ទៅដល់កន្លែងកើតហេតុ និងឃើញមនុស្ស ១៦នាក់ស្លាប់ដោយសារគ្រាប់កាំភ្លើង។ យោធាកំពុងតែ ចេញប្រតិបត្តិការស្វែងរកអ្នកដែលត្រូវ ក្រុមភេរវករតាលីបង់ចាប់ជម្រិតចំនួន ៤៥នាក់ទៀត»។
គួរបញ្ជាក់ថា នេះជាការវាយប្រហារទ្រង់ទ្រាយធំមួយរបស់ពួកតាលីបង់ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ ដែលក្រុមនេះបានប្រកាសថា មេដឹកនាំកំពូលរបស់ខ្លួន បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់អមេរិក កាលពី០៩ថ្ងៃមុន៕