(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា នៅថ្ងៃខាងមុខ អាជីពមួយចំនួន អាចនឹងបាត់បង់ ដោយសារតែសង្គមមានការប្រែប្រួលជាលំដាប់។

លោកបណ្ឌិតថ្លែងបែបនេះ ក្នុងកម្មវិធី Startup Technology Sharing Conference លើកទី៣ ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ក្រោមការគាំទ្ររបស់កយកា (KOICA) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

លោកបណ្ឌិត ជេត ជាលី យល់ឃើញថា បច្ចេកវិទ្យាមានសារៈសំខាន់ណាស់ ហើយវាបានចូលមកជំនួសការងារមួយចំនួន ដែលធ្លាប់តែធ្វើដោយមនុស្ស។ ហេតុនេះហើយ បានជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាស្ថាប័នស្រាវជ្រាវដ៏ធំមួយរបស់ជាតិ មានគោលដៅបណ្តុះបណ្តាលអ្វីថ្មីៗដល់យុវជន ដើម្បីឲ្យពួកគេដើរទាន់សម័យកាល និងឈានក្លាយជាពលរដ្ឋល្អ ជួយសង្គមជាតិ។

លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនិយាយជារូបភាពមួយចំនួន គឺថាមានអាជីពមួយចំនួន បាត់បង់ទៅដោយសារតែសង្គមប្រែប្រួល ហើយអាជីពថ្មីៗទៀតកើតឡើង។ ដូចនៅប្រទេសជឿនលឿនមួយចំនួន អាជីពជាកសិករត្រូវបានបាត់បង់ ដោយសារតែឧស្សាហកម្មកើតឡើងច្រើន ដោយសារតែពាណិជ្ជកម្មកើតឡើងច្រើន។ យើងនឹងមានអាជីពច្រើនទៀត ដែលបាត់បង់ ឧទាហរណ៍ជាក់ស្តែងប្រហែលអាជីពគណនេយ្យ អាចនឹងត្រូវជំនួសដោយម៉ាស៉ីនអស់។ ប្រទេសខ្លះ ភ្ជួរដីគេលែងដើរពីក្រោយគោហើយ ប្រទេសខ្លះទៀតកាន់តែជឿនលឿន គេលែងបើកបរទៀត គេឈរបញ្ជាតាមអេប (App) ពីក្នុងម្លប់ទៅវិញ»។

លោកសាកលវិទ្យាធិការបន្ថែមថា នៅប្រទេសណាក៏ទាមទារឲ្យមានការបណ្តុះបណ្តាលធនធានដែរ ហើយជានិច្ចកាលក្នុងសង្គមនៃប្រទេសណាក៏ដូចប្រទេសណាដែរ សុទ្ធតែប្រឈមនឹងកង្វះខាតធនធានមនុស្ស ដោយកត្តាផ្សេងៗ។ ជាក់ស្តែង ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាសព្វថ្ងៃនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានបញ្ហាប្រឈម ២ដែរ រួមមាន ១៖ កង្វះថវិកា និង២៖ កង្វះអ្នកជំនាញជាមួយបរទេស។

លោកបណ្ឌិត ស្រ៊ុន សូវិឡា នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានថ្លែងថា ក្រោមជំនួយកយកា ស្ថាប័ននេះបានជួយយុវជនជាច្រើន ដោយបង្កើតបានជាផលិតផលគំរូ ៤ផងដែរ ដែលផលិតផលទាំងនោះ សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា។

លោកបញ្ជាក់ថា ផលិតផលគំរូ ដែលប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា ក្រោមការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលនេះ រួមមាន៖

១៖ ការជួយខាងវិស័យទេសចរណ៍
២៖ ការជួយខាងវិស័យកសិកម្ម
៣៖ ការជួយខាងវិស័យកីឡា
៤៖ ការជួយខាងវិស័យអប់រំ។

ចំណែកឯ លោក គីម ជុនស៊ូ (Kim Junsu) នាយករងកយកា ប្រចាំប្រទេសកម្ពុជា បានអះអាងថា ខាងកយកា នឹងបន្តជួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា សម្រាប់គម្រោងផ្សេងៗទៀត៕