(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាមួយស្ដីពីកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសារធារណៈ ដល់យុវជនកម្ពុជា ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីទំម្រង់ការងារ គ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ជូនយុវជនកម្ពុជាឲ្យបានច្រើន។
សិក្ខាសាលាលើកដំបូងនេះ រៀបចំឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធយុវជនកម្ពុជា និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត នៅសណ្ឋាគារភ្នំពេញ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា សិក្ខាសាលានេះបានរៀបចំឡើងជាលើកដំបូង ជូនសហភាពសព័ន្ធយុវជនកម្ពុជាដើម្បីផ្សព្វផ្សាយ ពីកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ព្រមទាំងការពាក់ព័ន្ធ២ផ្សេងទៀត គឺការកែទម្រង់រដ្ឋបាលសារធារណៈនិងការ កែទម្រង់ការអភិវឌ្ឍ បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកក៏បានបញ្ជាក់ទៀតថា «សមទ្ធិផលដែលទទួលបានកន្លងមក បង្ហាញយ៉ាងជាក់ស្ដែងថា ការកែទម្រង់ គឺជាមាគ៌ាដ៏ត្រឹមត្រូវ តែមួយគត់ ដែលយើងបានសម្រេចជ្រើសរើស។ សិក្ខាសាលានេះ មានគោលដៅបង្ហាញជូន ដល់ស្រទាប់យុវជន អំពីចំណេះដឹង និងភាពចាំបាច់ នៃការងារកែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីទុកជាមូលដ្ឋាន សម្រាប់ត្រិរិះពិចារណា អំពីឥរិយាបថ និងតួនាទីដែល យុវជនគប្បី ប្រកាន់យកចំពោះការកែទំរង់»។
ជាមួយគ្នានេះផងដែរ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងពាក់ព័ន្ធ ទាំងអស់ ដែលតែងតែផ្ដល់ការគ្រាំទ្រដល់សកម្មភាព និងបេសកកម្មនានា របស់សហភាព សហព័ន្ធយុវជនកម្ពុជា។
លោកក៏បានបន្ដទៀតថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ប្រពៃ សម្រាប់យុវជនទាំងអស់គ្នា ស្វែងយល់អំពីដំណើរការកែទម្រង់ ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការប្រើប្រាស់ថវិកា រដ្ឋឲ្យមានប្រសិទ្ធភាព៕