(សៀមរាប)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ, អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលមានដូចជាៈ ម៉ាស៊ីនពិនិត្យសម្ពាធបេះដូង ចំនួន០១គ្រឿង ម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ ម៉ាក PURELAC ចំនួន ៥.៤៧២កំប៉ុង(ក្នុង១កំប៉ុង=៨០ក្រាម ស្មើនឹង ៤.៣៣៧,៦គីឡូក្រាម) ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ តាមរយៈលោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី១០, តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល, លោក សុខ សំណាង និងលោក ជា សុវណ្ណ អ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌ និងជាជំនួយការសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា, លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងប្រជាពលរដ្ឋមួយចំនួនផងដែរ។

លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធាននាពេលនេះ គឺជាការចូលរួមចំណែករំលែកទុក្ខលំបាករបស់ក្រុមគ្រូពេទ្យ និងជួយលើកម្ពស់សុខុមាលភាព និងគាំពារសុខភាពរបស់កុមារកម្ពុជា ដែលបាននិងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ។

លោក បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះ គឺមានការរួមចំណែកដ៏ធំធេងពីសំណាក់មូលនិធិចែករំលែកសង្រ្គោះជីវិតសាកល នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ដិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រជាឧបករណ៍សម្ភារវិជ្ជសាស្ត្រដល់មន្ទីរពេទ្យ និងអាហារូបត្ថម្ភដល់កុមារ និងសូមថ្លែងអំណរគុណដល់ឯកឧត្តម ម៉ម ប៊ុននាង និងសហការី ដែលឆ្លៀតពេលដ៏មមាញឹកបាននាំយកអំណោយដ៏ថ្លៃថ្លា និងមានសារសំខាន់របស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ មកប្រគល់ដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ នាពេលនេះ។

បន្ទាប់ពីសំណេះសំណាលរួចមក លោក ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញធ្វើទស្សនកិច្ចមន្ទីរពេទ្យជ័យវរ្ម័នទី៧(មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប) និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបាននាំកូនមកសម្រាក់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។

ក្នុងឱកាសនោះផងដែរ លោក ម៉ម ប៊ុននាង ក៏បាននាំយកថវិកា សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ មកចែកជូនដល់ឪពុក ម្តាយ របស់ទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ក្នុង១គ្រួសារៗទទួលថវិកា៥ម៉ឺនរៀល ដោយចំណាយថវិកាសរុបចំនួន២១,០០០,០០០លានរៀល។