(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងមិនហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ ឬបច្ចេកវិទ្យាដែលគាំទ្រដល់ការរៀនរបស់សិស្ស និងការបង្រៀនរបស់គ្រូឡើយ ពីព្រោះក្នុងបរិបទវិបត្តិកូវីដ១៩ ការប្រើប្រាស់ឧបករណ៍ទំនើបទាំងនេះគឺជាជំនួយដ៏សំខាន់ក្នុងការសិក្សាពីចម្ងាយរបស់សិស្ស។

ក៏ប៉ុន្តែប្រសិនបើសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងរឿងមិនគប្បី ប្រាសចាកវិន័យក្នុងសាលា ប៉ះពាល់ដល់ការសិក្សា និងសេចក្ដីថ្លៃថ្នូក្នុងសង្គម ដូចជាការលេងហ្គេម មើលរឿងអាសអាភាស ថតវីដេអូឬរូបភាពមិនគប្បីនានា ឬប្រើប្រាស់បណ្ដាញសង្គមច្រើនពេលរំខាន់ដល់ការសិក្សា នោះក្រុមប្រឹក្សាវិន័យតាមសាលានីមួយៗអាចដាក់ការពិន័យទៅតាមកម្រិតនៃកំហុស ឬក៏ផ្ដល់ការអប់រំឱ្យកែប្រែកំហុសឡើងវិញជាដើម។

ការចេញមកបញ្ជាក់បន្ថែមជាថ្មីនេះធ្វើឡើងបន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ពាក់ព័ន្ធនឹងករណីសិស្សនៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានគ្រូវិន័យដកទូរស័ព្ទដៃផ្ទាល់ខ្លួន និងហៅទៅសួរនាំម្ដងម្នាក់ៗ ដោយសារពួកគេខ្លះក្នុងចំណោមនោះវក់នឹងការលេងហ្គេមក្នុងថ្នាក់ មើលរឿងអាសអាភាសក្នុងថ្នាក់ ប្រើប្រាស់ទូរស័ព្ទទាក់ទងស្នេហាគ្នា និងលេងTikTokក្នុងថ្នាក់ ជាហេតុប៉ះពាល់ដល់ការសិក្សា បាត់បង់វិន័យ ស្រុតចុះសេចក្ដីថ្លៃថ្នូរជាដើម។

ដើម្បីបកស្រាយបំភ្លឺជូនសាធារណជនជុំវិញករណីនេះ លោក រស់ សុវាចា បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ក្រសួងអប់រំបានចេញរួចមកហើយនូវសេចក្ដីប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដែលមានគោលបំណងរៀបចំគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈទាំងឡាយឱ្យមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ វិន័យ និងសីលធម៌ល្អ ក្នុងគោលដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំ។

លោកអ្នកនាំពាក្យបានបន្តថា ប្រកាសនេះបានចែងដល់ការគោរពវិន័យ និងការរក្សាសីលធម៌ ដែលតម្រូវឱ្យសិស្សានុសិស្សទាំងអស់រក្សាវិន័យ សីលធម៌ និងមិនគប្បីធ្វើអំពើដែលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គ្រឹះស្ថានសិក្សា និងប្រទេសជាតិ ដូចជាការប្រើប្រាស់ទូរស័ព្ទដែលប្រាសចាកពីការរៀននិងបង្រៀន ឬលេងហ្គេមក្នុងទូរស័ព្ទដៃក្នុងពេលកំពុងរៀនជាដើម។

ប្រកាសនេះក៏បានចែងផងដែរថា សិស្សានុសិស្សមិនត្រូវមើលភាពយន្ត សៀវភៅរឿង ទស្សនាវដ្តី រូបភាពអាសអាភាស និងប្រព្រឹត្តអំពើអាសអាភាស អំពើដែលនាំឱ្យមានគ្រោះថ្នាក់ ឬអំពើដែលនាំបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។

លោក រស់ សុវាចា បានសង្កត់ធ្ងន់ថា «ចំពោះសិស្សដែលប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ត្រូវដាក់ឱ្យក្រុមប្រឹក្សាវិន័យពិនិត្យនិងសម្រេចទៅតាមកម្រិតនៃកំហុស ក្រោមរូបភាពណែនាំ ស្ដីបន្ទោស ដោយចុះក្នុងសៀវភៅសិក្ខាគារិក ព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកការសិក្សាបណ្ដោះអាសន្ន លុបឈ្មោះចេញពីបញ្ជីសិក្សា ឬបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច»

លោកបានបញ្ជាក់ទៀតថា ក្រសួងអប់រំមិនបានហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ ឬបច្ចេកវិទ្យាដែលគាំទ្រដល់ការរៀននិងបង្រៀននោះទេ ជាពិសេសក្នុងបរិបទកូវីដ១៩ ដែលការរៀននិងបង្រៀនត្រូវបន្តការអនុវត្តតាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ការអប់រំឌីជីថល មានតួនាទីរឹតតែសំខាន់ ដូច្នេះសិស្សានុសិស្សត្រូវចេះទាញផលប្រយោជន៍វិជ្ជមានពីការប្រើប្រាស់ទូរស័ព្ទដៃ និងបច្ចេកវិទ្យាទាំងនោះ។

អ្នកនាំពាក្យក្រសួងអប់រំរូបនេះក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមបន្តចូលរួមគោរពអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ដើម្បីកសាងគ្រឹះអនាគតខ្លួនឯង។ សូមសិស្សានុសិស្សចង់ចាំថា គ្មានអ្នកណាម្នាក់អាចរៀនជំនួសខ្លួនពួកគេបានទេ អនាគតរបស់ពួកគេគឺស្ថិតក្នុងកណ្ដាប់ដៃរបស់ពួកគេខ្លួនឯង។ ត្រូវខិតខំសិក្សារៀនសូត្រក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ស្ដាប់ដំបូន្មានរបស់មាតាបិតា អាណាព្យាបាល។ ក្រៅពីនេះក៏ត្រូវបន្តអនុវត្តវិធានការសុខាភិបាល គោរពច្បាប់ចរាចរណ៍ ជៀសវាងដាច់ខាតនូវការប្រើប្រាស់ថ្នាំញៀន កុំជក់បារី ដើម្បីថែរក្សាសុខភាពនិងអាយុជីវិត៕