(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមកម្ពុជាយើង ដែលមាននិស្សិតឆ្នើមមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាង បានចូលរួមការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon ឆ្នាំ២០២២ ជាមួយបណ្តាប្រទេសចំនួន ១២ ផ្សេងទៀត ដែលតំណាងដោយសាកលវិទ្យាល័យល្បីៗរបស់ខ្លួន។

នៅក្នុងការប្រកួតក្នុងជុំទី១ ក្រុមកម្ពុជាទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានយកឈ្នះលើក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៦៥ ទល់នឹង ៤៥ ហើយបន្តយកឈ្នះលើក្រុមហ្វីជីក្នុងលទ្ធផល ៦៥ ទល់នឹង ២៥។ លទ្ធផលនេះនឹងអនុញ្ញាតឱ្យកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដែលនឹងធ្វើឡើងបន្ទាប់ពីជុំទី១ ត្រូវបានបញ្ចប់។ ចំពោះ លោកអ្នកដែលចង់ទស្សនាការប្រកួតនេះដោយផ្ទាល់លើ Online សូមចូលទៅកាន់ https://youtu.be/wttdU6ItDhI

គូសបញ្ជាក់ផងដែរថា ក្រុមរ៉ូបូត CADT 01 មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២២ កាលពីថ្ងៃទី២៦ មិថុនា ២០២២ ដែលធ្វើឱ្យពួកគាត់មានឱកាសចូលរួមការប្រកួតតំណាងឱ្យកម្ពុជា នាពេលនេះ៕