(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ ហៅអធិរាជមហាសាច់ ពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដោយសារពួកគេធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។

លិខិតរបស់បញ្ជាការដ្ឋានអង្គរក្សបានឱ្យដឹងថា កន្លងមក នាយទាហានទាំងពីររូបនេះតែងតែបង្កហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកអប់រំជាច្រើនច្រើនសាដែរ តែមិនព្រមកែប្រែ។ ដើម្បីជៀវាងការលំបាក និងធ្វើឱ្យប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏បានគោរពសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីលុបឈ្មោះនាយទាហានទាំងពីរខាងលើចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

សូមជម្រាបថា ការស្នើសុំសម្តេចតេជោ សុំលុបឈ្មោះ លោក សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះកាយវិការរបស់លោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន SBT ផឹកស្រាស្រវឹងបោកចាន និងស្រែកជេរតាមបណ្តាញសង្គម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យដកលោក សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌអង្គរក្ស ដើម្បីចៀសវាងការប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អង្គរក្ស។

សម្តេចតេជោ បានបង្ហោះសារតាមហ្វេសប៊ុក ភ្ជាប់ជាមួយវីដេអូលោក សាន្ត ប៊ុនធឿន រំលឹកថា សម្តេចធ្លាប់បានអប់រំ លោក សាន្ត ប៊ុនធឿន កុំឱ្យសុីផឹកជេរបញ្ចោរតែចរិតកែមិនឡើងឡើយ។

សម្តេចតេជោបញ្ជាក់ថា «ចរិតពាលរបស់ សាន្ត ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ដើម្បីជួយដល់លោក សាន្ត ប៊ុនធឿននិងប្រពន្ធកូន សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយលុយទិញផ្ទះនៅ ថែមទាំងផ្តល់លុយ ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក៕