(កំពង់ចាម)៖ រថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូពីក្រោយ បន្ទាប់មកស្រាប់តែ​រេចង្កូតទៅបុកបង្គោលភ្លើង ដាច់ធ្លាក់រាប​និងរាយប៉ាយពេញផ្លូវ បណ្ដាលឱ្យមានអ្នក​រងរបួសធ្ងន់ និងស្រាលជាច្រើនអ្នកផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចថ្នល់កែង ស្ថិតក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម។ បើតាមមន្ដ្រីនគរបាលចរាចរណ៍ស្រុកបាធាយ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដសាំងយ៉ុង​ដឹងអ្នកដំណើរ បើកបរក្នុងទិសដៅពីភ្នំពេញទៅសៀមរាប ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចថ្នល់កែង បំបែកទៅព្រែកក្ដាម ស្រាប់តែបុកម៉ូតូពីក្រោយពេញទំហឹង បន្ទាប់មកបានរេចង្កូតទៅបុកបង្គោលភ្លើង បាក់រាបដល់ដី ធ្វើឱ្យដាច់ខ្សែភ្លើងពាសពេញផ្លូវ។ សមត្ថកិច្ចដដែលបន្ដថា ក្នុងករណីនេះ បណ្ដាលឱ្យតៃកុងរថយន្ដ និងអ្នកជិះក្នុងរថយន្ដនោះ រងរបួសធ្ងន់ស្រាលជាច្រើនអ្នក។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដសមត្ថកិច្ចស្ទួច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរងចាំការដោះ​ស្រាយតាមនីតិវិធី៕