(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបររើសសំរាមចំនួន២៨៣គ្រួសារ មកពីខណ្ឌដង្កោ ក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១២ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់ជើងឯក។

កម្មវិធីថ្ងៃនេះដំណើការទៅបានក្រោមជំនួយឧបត្ថម្ភដោយលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និងលោកស្រី ឈីវ ភិរម្យ រួមជាមួយក្រុមហ៊ុន CP Cambodia ហាងធូបកាហ្វេ ហាងខយ ចុងភៅការ សេង ហុកហេង និងសប្បុរសជនជាច្រើនទៀត ដែលបានញ៉ាំងឲ្យកម្មិវធីនេះដំណើរការទៅយ៉ាងរលូន និងប្រកបដោយភាពស្និទ្ធស្នាល និងរស់រាយរាក់ទាក់ជាទីបំផុត។

មានមតិក្នុងកម្មវិធីលោក លី ច័ន្ទតុលា បានថ្លែងអរគុណសន្តិភាព អរគុណសម្តេចតេជោ បានស្នើឲ្យមាតាបិតាគ្រប់រូបត្រូវបញ្ចូនកូនទៅចូលរៀនឲ្យបានគ្រប់គ្រប់ៗគ្នា និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានពាំនាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា តាមរយៈនៃការចែករំលែកធនធាននៅក្នុងថ្ងៃនេះ គឺជាការកសាងនូវអំពើល្អ ដោយបានបង្ហាញនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ នឹងជួយឲ្យកុមារដែលនៅក្នុងបន្ទុកមានការលូតលាស់ល្អ ជាពិសេសគឺបញ្ញា ស្មារតី និងចំណេះដឹង។

លោកស្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ត្រូវ៖
១. បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិឌ្ឍន៍ជាតិ។
២. ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗផងដែរ។
៣. បានស្នើឲ្យលោក លី ច័ន្ទតុលា និងលោកស្រី ឈីវ ភិរម្យ រួមជាមួយសប្បុរសជនដទៃបន្តសកម្មភាពមនុស្សធម៌ និងជាការចែករំលែកនូវក្តីស្រឡាញ់តាមវប្បធម៌នៃការចែករំលែកនេះបន្តជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក៕