(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះកាយវិការរបស់លោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន SBT ផឹកស្រាស្រវឹងបោកចាន និងស្រែកជេរតាមបណ្តាញសង្គម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យដកលោក សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌអង្គរក្ស ដើម្បីចៀសវាងការប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អង្គរក្ស។
សម្តេចតេជោ បានបង្ហោះសារតាមហ្វេសប៊ុក ភ្ជាប់ជាមួយវីដេអូលោក សាន្ត ប៊ុនធឿន រំលឹកថា សម្តេចធ្លាប់បានអប់រំ លោក សាន្ត ប៊ុនធឿន កុំឱ្យសុីផឹកជេរបញ្ចោរតែចរិតកែមិនឡើងឡើយ។
សម្តេចតេជោបញ្ជាក់ថា «ចរិតពាលរបស់ សាន្ត ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ដើម្បីជួយដល់លោក សាន្ត ប៊ុនធឿននិងប្រពន្ធកូន សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយលុយទិញផ្ទះនៅ ថែមទាំងផ្តល់លុយ ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។
ជាមួយការប្រតិកម្មនេះសម្តេចតេជោ បានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ លោកសាន្ត ប៊ុនធឿនចេញពីក្របខណ្ធកងទ័ព ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយ៕