(បាត់ដំបង)៖ សិស្សមួយចំនួននៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានគ្រូវិន័យដកទូរស័ព្ទដៃផ្ទាល់ខ្លួន និងហៅទៅសួរនាំម្ដងម្នាក់ៗ ដោយសារពួកគេខ្លះក្នុងចំណោមនោះវក់នឹងការលេងហ្គេមក្នុងថ្នាក់ មើលរឿងអាសអាភាសក្នុងថ្នាក់ ប្រើប្រាស់ទូរស័ព្ទទាក់ទងស្នេហាគ្នា និងលេងTikTokក្នុងថ្នាក់ ជាហេតុប៉ះពាល់ដល់ការសិក្សា បាត់បង់វិន័យ ស្រុតចុះសេចក្ដីថ្លៃថ្នូរជាដើម។

កិច្ចការនេះចាប់ផ្ដើមឡើងពីថ្ងៃសុក្រទី១៩ ខែសីហាឆ្នាំ២០២២ នៅពេលគោរពទង់ជាតិម៉ោង៧ព្រឹកចប់ មានលោកគ្រូវិន័យម្នាក់ឈ្មោះ សួន ប៊ុនណាត បានដើរដកទូរស័ព្ទដៃពីកូនសិស្ស៤ថ្នាក់ ដើម្បីឆែកឆេរទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ និងសាកសួរផ្ទាល់មាត់ម្តងម្នាក់ៗទាល់តែអស់ ក្នុងគោលបំណងស្វែករករូបភាពមិនប្រក្រតីដែលធ្វើឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់ពួកគេ តែសិស្សមួយចំនួនមិនសប្បាយចិត្ត និងបានចោទលោកគ្រូនោះថា មានកន្លែងខ្លះសួរលើសសាច់រឿង លើសប្រធានបទ រំលោភសិទ្ធិបុគ្គល។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង បានទំនាក់ទំនងសាកសួរសុំការបំភ្លឺទៅលោកគ្រូ សួន ប៊ុនណាត ជាគ្រូខាងក្រុមប្រឹក្សាវិន័យ ដើម្បីសុំឱ្យមានការបកស្រាយ។ លោកបានឆ្លើយថា រឿងដកទូរស័ព្ទពីសិស្សពិតជាមានមែន តែលោកបានធ្វើទៅបទបញ្ជាពីលោកនាយកវិទ្យាល័យ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុងសាលាផងដែរ។

លោកគ្រូ សួន ប៊ុនណាត បានបន្តថា មូលហេតុដែលនាំឱ្យមានការដកទូរស័ព្ទដៃនេះគឺត្រូវតែប្រមូលទាំងអស់មកសិន ទោះបីសិស្សខ្លះបានប្រព្រឹត្តខុសវិន័យ ឬសិស្សខ្លះមិនបានប្រព្រឹត្តក៏ដោយ។ ក្រោយបានដកហើយក្រុមប្រឹក្សាវិន័យខាងបច្ចេកវិទ្យាពិតជាបានឆែកមើលទិន្នន័យក្នុងទូរស័ព្ទ បើគ្មានការពាក់ព័ន្ធអ្វីទេ គឺបានប្រគល់ឱ្យសិស្សជាម្ចាស់ទូរស័ព្ទដៃវិញភ្លាមៗ តែបើប៉ះទូរស័ព្ទណាមានរូបភាពអាសអាភាស ហ្គេមមិនល្អ គឺត្រូវលុបចោលឱ្យអស់ និងរក្សាទុកទូរស័ព្ទដៃនោះសិន សឹមផ្ដល់ការអប់រំបញ្ឈប់កុំឱ្យបន្តទៀត ទើបប្រគល់ឱ្យវិញតាមក្រោយ។

ពាក់ព័ន្ធករណីនេះដែរ ភ្នាក់ងារព័ត៌មាន Fresh News បានស្នើសុំការបំភ្លឺបន្ថែមពីលោក ប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយលោកបានបញ្ជាក់តាមទូរស័ព្ទថា បើតាមគោលការណ៍និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ព្រមទាំងមានការដឹងឮពីអាណាព្យាបាលគ្រប់រូបផងដែរនោះ កាលពីមុនសាលាបានហាមប្រាមសិស្សទាំងអស់មិនឱ្យយកទូរស័ព្ទដៃចូលក្នុងថ្នាក់រៀន ទើបតែជំនាន់ផ្ទុះជំងឺកូវីដ១៩រីករាលដាលជាទូទៅគ្រប់ទីកន្លែង ធ្វើឱ្យសិស្សមិនបានចូលរៀនក្នុងសាលាឡើយ តែដោយសាររាជរដ្ឋាភិបាលបានឱ្យក្រសួងអប់រំរៀបចំឱ្យសិស្សរៀនតាមអនឡាញ ហេតុដូច្នេះហើយទើបសាលាបានអនុញ្ញាតឱ្យសិស្សអាចយកទូរស័ព្ទដៃចូលដើម្បីរៀន តែក៏មានលក្ខខណ្ឌកំណត់ផងដែរ។

លោក ប៉ិច ឈឿត បានបន្តថា កន្លងមកសាលាតែងតែបានអញ្ជើញមាតាបិតាសិស្សចូលរួមផ្សព្វផ្សាយព័ត៌មាននានា ពិសេសបទបញ្ជាផ្ទៃក្នុងសាលាទាំងមូល ដោយបានចាត់តាំងតាមលំដាប់ថ្នាក់ ក្នុងនោះមានប្រធានថ្នាក់នីមួយៗតាមដានសិស្សក្នុងថ្នាក់របស់ខ្លួនជាប្រចាំ។ ថ្មីៗនេះ សិស្សក្នុងសាលាមួយចំនួនដែលមានទូរស័ព្ទដៃកាន់ ក៏មានសិស្សល្អរៀនពូកែ និងសិស្សខ្លះទៀតញៀនលេងហ្គេមក្នុងថ្នាក់ មើលរឿងអាសអាភាសក្នុងថ្នាក់ លេងTikTok មានស្នេហាខូចខ្លួនក្នុងសាលាទៀតផង។

លោកនាយកវិទ្យាល័យបានបន្តទៀតថា សិស្សណាប្រព្រឹត្តខុសវិន័យនៅក្នុងសាលានេះ លោកនៅតែមានវិធានការ និងផ្ដល់ការអប់រំបន្តទៀត មិនឱ្យកើតមានរឿងនេះនៅក្នុងសាលាទៀតបានឡើយ គឺក្នុងគោលបំណងឱ្យពួកគេកែខ្លួន ខិតខំរៀនសូត្រឱ្យបានពូកែគ្រប់ៗគ្នា ដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូ សិស្សខ្លួនឯង ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូក្នុងសាលាទាំងមូលផងដែរ៕