(ភ្នំពេញ)៖ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (ស.វ.ស.ស.ក) បានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៉ីនដឹកនាំសម្រាប់អាណត្តិដំបូងរបស់ខ្លួន ឆ្នាំ២០២២-២០២៥ ក្នុងនោះមានលោក សោម វុទ្ធី ជាប្រធាន លោក លាង វាសនា ជាអនុប្រធានទី១ និងលោក សេង ប៊ុនវីរៈ ជាអនុប្រធានទី២ នៃគណៈកម្មការប្រតិបត្តិដើម្បីដឹកនាំសមាគមនេះ។

សូមជម្រាបថា សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (ស.វ.ស.ស.ក) ត្រូវបានបង្កើតឡើងដោយសមាជិកស្ថាបនិក ចំនួន២២រូប ដែលមកពីវិស័យសំណង់ ស្ថាបត្យកម្ម និងវិនិយោគ ដោយមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ដោយប្រកាសលេខ ៤៣២០ ប្រក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

សមាគម ស.វ.ស.ស.ក បង្កើតឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា ប្រមូលផ្តុំអ្នកបច្ចេកទេស វិស្វករ ស្ថាបត្យករ អ្នកសាងសង់សំណង់ អ្នកវិនិយោគ អ្នកមានចំណេះដឹងពាក់ព័ន្ធ ដើម្បីចូលរួមបំពេញទិសដៅ អភិវឌ្ឍន៍ក្នុងវិស័យសំណង់កម្ពុជាប្រកបដោយស្មារតីសាមគ្គីភាព ពង្រឹងយន្តការសម្របសម្រួលទំនាក់ទំនង និងកៀរគរអ្នកវិនិយោគជាតិនិងអន្តរជាតិលើវិស័យសំណង់ និងស្ថាបត្យកម្មដើម្បីពង្រីកវិសាលភាពវិស័យសំណង់និងស្ថាបត្យកម្មកម្ពុជា ការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពរបស់សមាជិកសមាគម ជួយស្វែងរកប្រភពចំណូលជូនសមាជិក និងសម្របសម្រួលភាពជាដៃគូក្នុងការអនុវត្តន៍គម្រោង ចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយលើជំនាញ និងបច្ចេកវិទ្យាពាក់ព័ន្ធវិស័យសំណង់ ស្ថាបត្យកម្ម និងវិនិយោគ៕