(កំពង់ធំ)៖ អំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន មានអង្ករចំនួន៥តោន មីចំនួន៣០០កេស ទឹកស៊ីអ៉ីវចំនួន១០០យួរ ទឹកត្រីចំនួន១០០យួរ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

អំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទាំងអម្បាលម៉ានខាងលើនេះ ត្រូវបាននាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមរយៈក្រុមការងារបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តបម្រើសកម្មភាពមនុស្សធម៌ផ្តល់ជូនដល់អតីយុទ្ធជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតជីវភាព និងព្រះសង្សគង់នៅតាមទីអារាមមួយចំនួន នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ។

ក្នុងនាមតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាយទាហាន នាយទាហានរង និងពលទាហាន លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាបន្តបន្ទាប់នូវស្បៀងអាហារ និងថវិកាជូនដល់បញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ ក្នុងការបម្រើសកម្មភាពមនុស្សធម៌ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់អតីតយុទ្ធជន និងប្រជាជននៅខេត្តកំពង់ធំក្នុងរយៈពេលកន្លងមក ក៏ដូចជានៅពេលបច្ចុប្បន្ននេះ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា អតីតយុទ្ធជននិងប្រជាពលរដ្ឋក្រលំបាកខ្វះខាត ដែលបានទទួលអំណោយស្បៀងអាហារ និងថវិការបស់លោក ហ៊ុន ម៉ាណែត និងលោកស្រីនាពេលកន្លងមក តែងបានគោរពថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោកនិងលោកស្រី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តនាំយកនូវស្បៀងអាហារដែលបានផ្តល់ជូននេះទៅឧបត្ថម្ភជូនឱ្យដល់ដៃប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ៕