(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និងព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខចែកអំណោយសប្បុរសធម៌ដល់លោកយាយលោកតាទីទ័លក្រចំនួន៤០គ្រួសារ មកពី៧ភូមិនៃឃុំពង្រ ស្រុកតាំងគោក ដោយក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូ មី១កេស ទឹកស៊ីអ៉ីវ១យួរ ឃីត១ឈុត និងថវិកា៦០,០០០រៀល។

ព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរសម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយ ដែលឃើញថ្នាក់ដឹកនាំស្រុកយកចិត្តទុក្ខដាក់ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ លោកតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។ ព្រះអង្គមានមោទនភាពដោយបានលោកអភិបាលតែងតែលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ព្រះអង្គក្នុងការកៀរគរសប្បុរសជន ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងចូលរួមអភិវឌ្ឍន៍របស់ស្រុកតាំងគោក។

លោក ហាក់ ម៉ុងហួត បានថ្លែងអំណរព្រះគុណចំពោះព្រះគ្រូសីលមុនីវង្ស តុន ពិសី និងអរគុណគណៈកម្មការចំណុះជើងវត្តគុហនគរ ដែលបានចូលរួមឧបត្ថម្ភបច្ច័យ/ថវិកា និងធនធានមួយចំនួនសម្រាប់ជាទានសប្បុរសធម៌ចែកជូនដល់លោកយាយលោកតាទីទ័លក្រចំនួន៤០គ្រួសារនេះ។ ប្រជាពលរដ្ឋនៅឃុំពង្រពិតជាមានសំណាងដែលមានព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះអង្គតែងតែមានទឹកព្រះទ័យស្រណោះអាណិតលោកយាយលោកតាដែលមានជីវភាពលំបាក ព្រះតែងតែមានសម្ភារៈ និងបច្ច័យដើម្បីជួយសម្រាលការលំបាក។ ជាងនេះទៅទៀត ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទ្ធ និងសប្បុរសជនកសាងផ្លូវបេតុងប្រវែង២,៥៩០ម៉ែត្រ និងដាំបង្គោលភ្លើងនៅតាមផ្លូវដើម្បីបំភ្លឺ ជាពិសេសសមិទ្ធផលជាច្រើននៅក្នុងឃុំ។

លោកអភិបាលស្រុកក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោករដ្ឋមន្ត្រី ថោង ខុន ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុកតាំងគោកផង និងស្រុកបារាយណ៍ផង ដែលលោកតែងតែដាស់តឿន និងផ្តល់ជាគំនិតឲ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះចុះទៅសួរសុខទុក្ខ ហើយដឹងពីការលំបាកពីការសប្បាយ ពីសំណូមពរ ពីតម្រូវការទាំងឡាយរបស់ពួកគាត់ ដែលទាមទារឲ្យមន្ត្រីនៅមូលដ្ឋានគ្រប់ថ្នាក់ដឹងឮ និងរួមគ្នាក្នុងការដោះស្រាយ។

លោកអភិបាលស្រុកតាំងគោកបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅក្នុងឃុំពង្រ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែលផ្ដល់ការជឿជាក់ មានទំនុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសគឺផ្ដល់ការគាំទ្រដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតកន្លងមក។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបន្តទៅទៀតនៅក្នុងការបោះឆ្នោតនាពេលក្រោយៗ ដើម្បីបន្តការអភិវឌ្ឍនៅមូលដ្ឋាន រក្សាបាននូវសុខសន្តិភាព ស្ថិរភាពសម្រាប់ប្រទេសជាតិទាំងមូល។

ដោយសារដល់រដូវទឹកឡើង លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការការពារកូនចៅ ក្មេងតូចៗ ទុកដាក់ទ្រព្យសម្បត្តិ សត្វចិញ្ចឹមឱ្យបានល្អ និងសូមទៅចូលរួមចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្រប់គ្នា៕