(ភ្នំពេញ)៖ សាលាខណ្ឌមានជ័យ និងអនុសាខាកាកបាទក្រហមខណ្ឌ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ បានផ្តល់អំណោយមនុស្សជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹងសរុបចំនួន៧០គ្រួសារ ដែលមកពី៧សង្កាត់ ក្នុងខណ្ឌមានជ័យ ដែលធ្វើឡើងរួមគ្នានៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ។

សកម្មភាពនេះធ្វើឡើងក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងមានចូលរួមពីសំណាក់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងមានការនិមន្តចូលរួមពីព្រះបវបញ្ញាញាណ ថៃ ប៊ុនធឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ សមាជិក សមាជិកាអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ លោក លោកស្រីនាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិល័យចំណុះទាំង១១ លោកចៅសង្កាត់ទាំង៧។

លោក ឌី រ័ត្នខេមរុណ បានរាយការណ៍ពីការផ្តល់អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ២អាណត្តិកន្លងមកនេះ បានចំនួន២៥០លើក ស្មើនឹង១០,៤០៥គ្រួសារ សរុបអង្ករ២៦០,១២៥តោន និងថវិកា២០៨,១០០,០០០រៀល រួមទាំងសម្ភារៈ ឧបភោគបរិភោគផ្សេងៗជាច្រើនទៀត។

លោក ហែម ដារិទ្ធិ បានកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដែលបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល។

ជាមួយគ្នានេះ លោកអភិបាលក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ-១៩ និងជំងឺអុតស្វា តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកប្រធានអនុសាខាបានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន អង្ករ១បាវ ស្មើ២៥គីឡូក្រាម ទឹកត្រីទឹកស៊ីអ៉ីវ១យួរ មី១កេស ទឹកសុទ្ធ១កេស ម៉ាស១ប្រអប់ ជែលលាងដៃ១ដប និងថវិកា៩ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕