(ភ្នំពេញ)៖ អ្នកជំនាញវិភាគទីផ្សារមាស និងអាជីវករលក់មាសបានឱ្យដឹងថា ស្ថានភាពតម្លៃមាសនៅលើទីផ្សារអន្តរជាតិ និងក្នុងទីផ្សារកម្ពុជា នៅក្នុងសប្តាហ៍បានធ្លាក់ចុះប្រមាណ៧០ដុល្លារ បើធៀបនឹងកាលពីសប្តាហ៍មុន តែយ៉ាងណាអ្នកជំនាញរំពឹងថា ខែក្រោយតម្លៃមាសនឹងកើនឡើងវិញ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា តម្លៃមាសក្នុងខែសីហានេះបានឡើងដល់១៨០៨ដុល្លារក្នុងមួយអោន និង ២១៧៨ដុល្លារក្នុងមួយដំឡឹង ប៉ុន្តែពីរ បីថ្ងៃចុងក្រោយមកនេះ បានធ្លាក់ចុះមកវិញក្នុងតម្លៃ២១០៧ដុល្លារ ហើយនៅថ្ងៃទី២០ ខែសីហា បន្តធ្លាក់ចុះបន្តិចទៀត នៅត្រឹម២១០០ដុល្លារ ឬ២០៨០ដុល្លារក្នុងមួយដំឡឹង។
នាពេលបច្ចុប្បន្ននេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ ស្ថិតក្នុងរង្វង់ ១៧៤៩ដុល្លារក្នុងមួយអោន ឬប្រមាណ២១០៧ដុល្លារ ក្នុងមួយដំឡឹងសម្រាប់នៅលើទីផ្សារកម្ពុជា។ ប៉ុន្តែតាមហាង ឬឈ្នួញកណ្តាលខ្លះ អាចនឹងលក់លើតម្លៃនេះបន្តិចបន្តួច។
តែយ៉ាងណា លោកអះអាងថា បើធៀបនឹងការពីខែមុន តម្លៃមាសនៅខែសីហានេះល្អជាង ខែកក្កដាដោយកាលពីខែមុន តម្លៃមាសខ្ពស់បំផុត ត្រឹមតែ២១០១ដុល្លារក្នុងមួយដំឡឹងប៉ុណ្ណោះ ហើយថ្ងៃខ្លះបានធ្លាក់ចុះទាបដល់២០១៥ដុល្លារឯណោះ ។
លោកបន្តថា «បើយើងធៀបជាមួយស្ថានភាពសេដ្ឋកិច្ច នៅលើពិភពលោក នាពេលឥឡូវ តម្លៃមាសគួរតែឡើងទៅលើ លើសពី១៨០០ដុល្លារឡើងទៅក្នុងមួយអោន ប៉ុន្តែដោយសារតែគោលនយោបាយ ការលើកឡើងពីវិធីសាស្រ្តផ្សេងៗទប់ស្កាត់អតិផរណាផង ឬគោលនយោបាយពង្រឹងកំណើនការងារផង បន្ថែមទៅលើប្រាក់ឈ្នួលផង អត្រាអ្នកគ្មានការងារធ្វើបានថយចុះទៀត ហេតុនេះបានធ្វើឱ្យស្ថានភាពនៅអាមេរិកល្អខ្លាំង។ អីចឹងធ្វើតម្លៃមាសហាក់បីដូចជារត់ក្នុងចន្លោះ១៧៤០ដុល្លារទៅ១៨២០ដុល្លារ ក្នុងមួយអោនឬ ២១០០ដុល្លារទៅ២១៧០ដុល្លារក្នុងមួយដំឡឹង»។
លោកបន្តថា បច្ចុប្បន្ននេះអត្រាអតិផរណានៅសហរដ្ឋអាមេរិក បានធ្លាក់ចុះពី ៩.១% មកនៅត្រឹមតែ៨.៥% និងអត្រាការប្រាក់ស្ថិតក្នុងអត្រា ២.៥% ដែលបញ្ជាក់ថា តម្លៃលុយដុល្លារនៅតែរឹងមាំ ដែលបណ្តាលតម្លៃមាសនៅតែឡើងថ្លៃមិនរួច។
ម្ចាស់ហាងមាសពេជ្រ ទីមង្គល នៅរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ទីផ្សារមាសនាពេលបច្ចុប្បន្ននេះ មានការប្រែប្រួលលឿន។ បើធៀបសប្តាហ៍នេះ និងសប្តាហ៍មុន តម្លៃមាសបានថយចុះ៧០ដុល្លារក្នុងមួយដំឡឹង ដែលធ្វើការទិញលក់មាសនៅហាងនេះ មានភាពសកម្មជាងមុន ដោយភ្ញៀវបានមកទិញមាសច្រើន នៅពេលដែលតម្លៃមាសចុះបែបនេះ។
តាមការវិភាគរបស់លោក ឡុង សំណាង តម្លៃមាសនឹងបន្តកើនឡើងនៅខែក្រោយ ដែលអាចលើសពី ១៨០០ដុល្លារក្នុងមួយអោន ឬស្ថិតក្នុងចន្លោះពី២១០០ដុល្លារទៅ ២២៥០ដុល្លារ ក្នុងមួយដំឡឹង។ ដោយសារតែស្ថានភាពសេដ្ឋកិច្ច និងអត្រាការប្រាក់នៅអាមេរិក។
លោកបានពន្យល់យ៉ាងដូច្នេះថា «នៅពេលដែលលុយដុល្លារឡើងថ្លៃខ្លាំងពេក អត្រាការប្រាក់ឡើងថ្លៃ ធ្វើឱ្យកាត់បន្ថយនូវការវិនិយោគធំៗ បានន័យថាកម្ចីលុយធំៗ សម្រាប់ការអភិវឌ្ឍន៍ ឬការវិនិយោគធំៗ ត្រូវបានថយចុះដែរ។ ហេតុនេះវាអាចរុញច្រានសេដ្ឋកិច្ចអាមេរិកថយចុះទៅតាមហ្នឹង ដែលអាចនឹងធ្វើឱ្យតម្លៃរបស់មាស មានការកើនឡើង។ មួយចំណែកទៀតពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្នមិនថា តែនៅអាមេរិក ឬបណ្តាប្រទេសធំៗមួយចំនួន ជាពិសេសពិភពលោកតែម្តង។ អីចឹងសេដ្ឋកិច្ចនៅមានលក្ខខណ្ឌមួយចំនួន ដែលត្រូវបំពេញដោយសារតែវាមិនទាន់ល្អប្រសើរ ដូចដើមនោះទេ វាអាចនៅក្នុងវិបត្តិណាមួយនៅពេលខាងមុខ ដូច្នេះហើយវាអាចទាញតម្លៃមាស មានការកើនឡើងដែរ។
បើទោះបីជាលោកអះអាងបែបនេះក៏ដោយ លោកលើកឡើងថា សម្រាប់អ្នកវិនិយោគ ឬអាជីវករ ចង់ទិញមាសទុក គួរតែរង់ចាំការប្រជុំនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសេដ្ឋកិច្ចពិភពលោកសិន ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ និង២៦ ក្នុងខែសីហានេះ មុននឹងធ្វើការសម្រេចចិត្ត៕