(ស្វាយរៀង)៖ លោក ឌី វិជ្ជា ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានដាក់ទិសដៅនិងផែនការបន្តចំពោះមុខឲ្យក្រុង/ស្រុកទាំង៨ត្រូវអនុវត្តឱ្យបានជោគជ័យបន្ថែមទៀត។
កិច្ចប្រជុំនេះមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អនុប្រធាន ស.ស.យ.ក ខេត្ត និងជាប្រធានក្រុមការងារអ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក ខេត្តស្វាយរៀង ព្រមទាំងលោកលោកស្រីដែលជាថ្នាក់ដឹកនាំ និងសមាជិកសសយកខេត្តស្វាយរៀងជាច្រើនរូបផងដែរ។
លោក ឌី វិជ្ជា បានដាក់ទិសដៅនិងផែនការឲ្យ ស.ស.យ.ក ក្រុង/ស្រុកទាំង៨ត្រូវអនុវត្តរួមមាន៖
១. ត្រៀមយុវជនជាអ្នកសង្កេតការណ៍សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
២. ការតៀមយុវជនប្រឡងចូលជាមន្រ្តីកិច្ចសន្យា គ.ជ.ប នៅថ្នាក់ខេត្ត និងក្រុមចុះឈ្មោះបោះឆ្នោត ( ក.ច.ប)។
៣. ការត្រៀមជនបង្គោល លើការងារបោះឆ្នោត តាមក្រុង ស្រុក ដើម្បីបើកវគ្គបណ្ដុះបណ្ដាលបន្តតាមក្រុង ស្រុក។
៤. ត្រៀមកម្លាំងយុវជនដែលមានស្រាប់ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
៥. ជួយផ្សព្វផ្សាយជម្រុញដល់គ្រួសារ សូមទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់ ដើម្បីបង្កើតភាពស៉ាំក្នុងខ្លួន ក៏ដូចជាក្នុងសង្គមគ្មានជំងឺកូវីដ១៩។
ជាមួយគ្នានេះ លោក ឌី វិជ្ជា បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងតែលើកសរសើរពីយុវជនខេត្តស្វាយរៀង ដែលធ្វើសកម្មភាពផុសផុលគ្រប់សកម្មភាព និងគ្រប់វិស័យ ទោះបីក្នុងដំណាក់កាលកូវីដក្ដីក៏យុវជនយើងតែងតែចូលរួមគ្រប់រូបភាព ជាពិសេសការសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលជាយុទ្ធាសាស្រ្តផ្ការីករបស់សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញ ដើម្បីធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដោយគ្មានការខ្លាចរអា។
លោកបានគូសបញ្ជាក់ថា កិច្ចការងារអ្នកសង្កេតការណ៍ជាតិនេះជាការងារស្នូលមួយក្នុងសសរស្ដម្ភរបស់ ស.ស.យ.ក ដែលស្ថិតក្នុងយុទ្ធនាការពលរដ្ឋល្អ ដែលសកម្មភាពនេះចូលរួមក្នុងការសង្កេតមើលនូវដំណើរការជាសាក្សីដ៏សំខាន់ក្នុងការឃ្លាំមើល និងធានាបាននៅការបោះឆ្នោតប្រព្រឹត្តទៅដោយអហិង្សា សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ព្រមទាំងឆ្លុះបញ្ជាំងបាននូវសមត្ថភាពមន្រ្តី គ.ជ.ប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំនូវប្រព័ន្ធបោះឆ្នោតបានដោយខ្លួនឯង ដោយមិនពឹងពាក់លើជនបរទេសក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា ភាពជោគជ័យរបស់ ស.ស.យ.ក មិនមែនកើតចេញពីថ្នាក់ដឹកនាំខេត្តនៅទីនេះទេ គឺកើតចេញពីយុវជនអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតផ្ទាល់អ្វីដែលអ្នកសង្កេតការណ៍យើងសង្កេតឃើញ កត់ត្រាចូលក្នុងរបាយការណ៍ បង្ហាញពីការយកចិត្តទុកដាក់ និងទំនួសខុសត្រូវខ្ពស់របស់យុវជន៕