(ភ្នំពេញ)៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងបាន ចាប់ពិន័យរថយន្តដឹកលើសទម្ងន់បានចំនួន ៣០គ្រឿង និងផាកពិន័យប្រាក់សរុបជាង ៤៣លានរៀល។
ក្រសួងបានឲ្យដឹងថា ប្រតិបត្តិការចុះស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់នេះ ដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការ និង ជាប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយធ្វើនៅតាមបណ្តាស្ថានីយថ្លឹងទម្ងន់ចំនួន ០៥ នៅខេត្តកំពង់ឆ្នាំង ព្រៃវែង កណ្តាល ពោធិ៍សាត់ និង រាជធានីភ្នំពេញ។
ជាមួយការស្ទាក់ចាប់រថយន្ត និងផាកពិន័យ លោក សេង ឈួន បានអប់រំអ្នកបើកបររថយន្តដឹកទំនិញទាំងនោះ កុំឲ្យដឹកទំនិញលើស កម្រិតកំណត់ទៀត។ លោក ក៏បានអំពាវនាវប្រជាពលរដ្ឋ និងឈ្មួញ ជាម្ចាស់រថយន្ដដឹកទំនិញ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងគោលបំណង រក្សាបានភាពយូរអង្វែង នៃផ្លូវថ្នល់សាធារណៈ និង ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នានាជូនប្រជាពលរដ្ឋ។
ខាងក្រោម គឺជាលទ្ធផលលម្អិត នៃសកម្មភាពចុះចាប់រថយន្តដឹកលើសទម្ងន់ ដែលបង្ហាញដោយក្រសួងសាធារណការ និង ដឹកជញ្ជូន៖
+ ថ្ងៃទី២៥ ឧសភា ២០១៦
- ស្ថានីយ៍ឃ្លាំងមឿង (ខេត្តពោធិ៍សាត់) ឃាត់រថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ បានចំនួន ១១គ្រឿង
- ស្ថានីយ៍លង្វែក (ខេត្តកំពង់ឆ្នាំង) ឃាត់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ បានចំនួន ១១គ្រឿង
+ ថ្ងៃទី២៨ ឧសភា ២០១៦
- ស្ថានីយ៍លង្វែក (ខេត្តកំពងឆ្នាំង) ឃាត់រថយន្តដឹកជ្រូកលើសកម្រិតកំណត់ ២២តោន ចំនួន ០១គ្រឿង
- ស្ថានីយ៍អ្នកលឿង (ខេត្តព្រៃវែង) ឃាត់រថយន្ត ដឹកជ្រូកលើស ០៩តោន ០១គ្រឿង និង រថយន្តដឹកបន្លែលើស ០៤តោន ០១គ្រឿង
- ស្ថានីយ៍កំពង់ភ្នំ (ខេត្តកណ្តាល) ឃាត់រថយន្តដឹកជ្រូក លើសទម្ងន់កម្រិតកំណត់ចំនួន ១២តោនចំនួន ០១គ្រឿង
+ ថ្ងៃទី២៩ ឧសភា ២០១៦
- ស្ថានីយ៍ព្រែកឯង ( រាជធានីភ្នំពេញ ) ឃាត់រថយន្តដឹកដែកចំនួន ០២គ្រឿង ក្នុង ០១គ្រឿងៗ លើសទម្ងន់កម្រិតកំណត់ជាង ០៨តោន
- ស្ថានីយ៍អ្នកលឿង (ខេត្តព្រៃវែង) ឃាត់រថយន្តដឹកត្រីចំនួន ០២គ្រឿង ០១គ្រឿងលើស ០៤តោន និងមួយគ្រឿងទៀតលើស ០៦តោន៕