(កំពង់ចាម)៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនិងសហការី នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះខ្វះខាតជីវភាពចំនួន៥៣គ្រួសារ មកពី៥ឃុំ គឺឃុំព្រែកុយ ឃុំរាយប៉ាយ ឃុំអង្គរបាន ឃុំពាមជីកង និងឃុំសូរគង បាបរៀបចំនៅក្នុងបរិវេណវត្តសោភ័ណមុន្យារាម ហៅ វត្តកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស។

លោក ទូច ឆៃ នាយកប្រតិបត្តិសាខា បានឲ្យដឹងថា ជនងាយរងគ្រោះទាំងអស់រួមមានចាស់ជរា២០គ្រួសារ ជនមានពិការភាព១១គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ៩គ្រួសារ មានជំងឺប្រចាំកាយ៧គ្រួសារ មានជំងឺរ៉ាំរ៉ៃ១គ្រួសារ ទ័លលំបាក២គ្រួសារ មានបញ្ហាស្មារតី២គ្រួសារ និងកុមារកំព្រា១គ្រួសារ។

លោក អ៊ុន ចាន់ដា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតាលោកយាយចាស់ៗ សូមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនលោកតាលោកយាយ ជនងាយរងគ្រោះទាំង៥៣គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គ.ក្រ ទឹកត្រី១យួរ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង សាប៊ូ protex ៤ដុំ ឃីត១កញ្ចប់ អាវយឺត៤ ម៉ាស់១០បន្ទះ និងថវិកា៥០,០០០រៀល។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ក៏បានគេនព្រះចៅអធិការវត្តសោភ័ណមុន្យារាម ហៅវត្តកោះតាង៉ោនូវអង្ករ១០០គក្រ មី៤កេស ត្រីខ៤យួរ និងបច្ច័យមួយចំនួនផងដែរ៕