(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអេដស៍ដល់ស្រទាប់យុវវ័យ ជាពិសេសដល់គរុនិស្សិតដែល នឹងកា្លយជាគ្រូង្រៀននៅថ្ងៃអនាគត យកទៅផ្សព្វផ្សាយអប់រំបន្ដ ក្រៅពីជំនាញរបស់ខ្លួនផ្ទាល់ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅ ៩៥-៩៥-៩៥ និងការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងទស្សនៈយុវជន ស្តីអំពី «ការបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ក្នុងចំណោមយុវវ័យ»

សិក្ខាសាលានេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ក្នុងនោះមានគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញចំនួន ៤៦នាក់ ចែកជា៨ក្រុម ដើម្បីធ្វើបទបង្ហាញលើបញ្ហាអេដស៍នេះផងដែរ។

ក្រោយបញ្ចប់នូវសិក្ខាសាលានេះ គរុនិស្សិតម្នាក់ក្នុងចំណោមគរុនិស្សិតដែលបានចូលរួម ឈ្មោះ ឈុន ជីលាន ឯកទេសគណិតវិទ្យានៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានលើកឡើងថា «ខ្ញុំសប្បាយរីករាយណាស់ បានចូលរួមក្នុងសិក្ខាសាលាពីជំងឺអេដស៍នេះ ដែលបានផ្ដល់គុណតម្លៃខ្លំាងមិនអាចពណ៌នា ពីការបង្ការ និងទប់ស្កាត់ ដោយសារជំងឺអេដស៍ ជាជំងឺដ៏កាចសាហាវ ដែលបានបំផ្លាញមនុស្សជាច្រើនលាននាក់នៅលើសកលលោក រួមទាំងកម្ពុជា ពេលខ្លះយើងមិនអាចគិតដល់ចំនុចនោះសោះ ចឹងពេលដែលគាត់ [ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ] បានចែករំលែកធ្វើឱ្យយើងចាប់អារម្មណ៍ខ្លាំងទៅលើជំងឺនេះ»

គរុនិស្សិត ឈុន ជីលាន បានបន្ដថា ដោយសារជំងឺអេដស៍នេះ ជាជំងឺដ៏កាចសាហាវជាងជំងឺកូវីដ១៩ទៀត ដូច្នេះគរុនិស្សិតរូបនេះបានប្ដេជ្ញាចិត្ដថា ពេលគាត់ក្លាយជាគ្រូបង្រៀន នឹងយកចំណេះដឹងនេះ ទៅផ្សព្វផ្សាយបន្ដដល់អ្នកជុំវិញខ្លួន គ្រួសារ និងសហគមន៍ជាដើម។ ទន្ទឹមនឹងនោះ គរុនិស្សិត ឈុន ជីលាន ក៏បានថ្លែងអំពាវនាវ ដល់យុវវ័យកុំសាកល្បងជាមួយមេរោគអេដស៍។

ចំណែកគរុនិស្សិតមួយរូបទៀតឈ្មោះ មឿន ថាវីសូនីតា ឯកទេស គីមីវិទ្យា បានលើកឡើងស្រដៀងគ្នាពីជំងឺអេដស៍ថាជំងឺអេដស៍ ជាជំងឺដ៏កាចសាហាវ គ្មានថ្នាំព្យាបាលនោះទេ ហើយជំងឺនេះ ឆ្លងតាមរយៈការរួមភេទមិនប្រើស្រោមអនាម័យ តាមរយៈឈាម ការប្រើប្រាស់ម្ជុលចាក់រួមគ្នា ឆ្លងពីម្ដាយទៅកូន តាមរយៈការបំបៅដោះកូន។ ដើម្បីបំបាត់ជំងឺអេដស៍ យើងត្រូវរួមគ្នាផ្សព្វផ្សាយអ្វីដែលយើងទទួលបានការបណ្ដុះបណ្ដាលនេះ ទៅអប់រំផ្សព្វផ្សាយបន្ដនៅក្នុងសហគមន៍ ពីការបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍។

រីឯគរុនិស្សិត សេង ច័ន្ទវល័ក្ខ ឯកទេស គីមីវិទ្យា ក៏បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលទទួលបានចំណេះដឹងថ្មីៗទាក់ទងទៅនឹងជំងឺអេដស៍ ពីសិក្ខាសាលា ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ហើយក្នុងនាមជាគរុនិស្សិតមួយរូប ដែលនឹងក្លាយជាគ្រូបង្រៀននៅថ្ងៃអនាគត ប្ដេជ្ញាមិនប្រព្រឹត្ដនូវទង្វើអ្វីដែលបណ្ដាលឱ្យកើតជំងឺអេដស៍ និងបន្ដផ្វព្សផ្សាយអ្វីដែលបានសិក្សារៀនសូត្រនៅថ្ងៃនេះ។

ចំពោះគរុនិស្សិត ជាតិ ថានីតា ឯកទេសគណិតវិទ្យា បានលើកឡើង សិក្ខាសាលានេះបានធ្វើឱ្យគាត់បានស្គាល់ច្បាស់ពីអ្វីជាជំងឺអេដស៍ ការចម្លង បង្ការ និងការការពាទប់ស្កាត់។

ក្នុងឱកាសសិក្ខាសាលានោះ លោកស្រី ម៉ែន នារីសោភ័គ បានអំពាវនាវដល់គរុនិស្សិត សូមនាំយកនូវពុទ្ធិដែលទទួលបាននៅសិក្ខាសាលានេះ យកទៅផ្សព្វផ្សាយបន្ដ ជាពិសេសអំពាវនាវដល់អ្នកជំងឺអេដស៍ និងផ្ទុកមេរោគអេដស៍ មកទទួលថ្នាំព្យាបាល សម្រាប់អ្នកមកទទួលថ្នាំព្យាបាលហើយ សូមបន្ដមកទទួលដើម្បីប្រើប្រាស់ឱ្យទៀងទាត់ ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ពួកគាត់ ហើយសម្រាប់អ្នកដែលកើតជំងឺអេដស៍ សូមកុំបន្ដចម្លងទៅអ្នកដទៃ និងអំពាវនាវកុំឱ្យរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ហើយសូមចូលរួមឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្ដ ព្រោះអេដស៍ មិនឆ្លងតាមការប៉ះពាល់ផ្ទាល់ ឬហូបជុំគ្នានោះទេ។

លើសពីនោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានគូសបញ្ជាក់ដល់គរុនិស្សិតផងដែរថា មេរោគអេដស៍មិនពិបាកក្នុងការបង្ការនោះទេ ព្រោះជំងឺនេះ អាស្រ័យលើការប្រព្រឹត្ដរបស់មនុស្សម្នាក់ៗ ដូច្នេះបើម្នាក់ៗមិនប្រព្រឹត្ដ គឺនឹងមិនឆ្លងនោះឡើយ និងត្រូវចងចាំថា អេដស៍មិនមានវ៉ាក់សាំង និងគ្មានថ្នាំព្យាបាលទេ ។

លោកស្រីបន្ដថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល និងកាកបាទក្រហមកម្ពុជា បាននឹងកំពុងលើកកម្ពស់ការពិនិត្យសុខភាពមុនពេលរៀបអាពាហ៍ពិពាហ៍ ដើម្បីទប់ស្កាត់អេដស៍ និងជំងឺផ្សេងៗទៀត ដូច្នេះលោកស្រីក៏បានលើកទឹកចិត្ដដល់គរុនិស្សិតចូលរួមឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ គរុនិស្សិតក៏បានបេជ្ញាចូលរួមគ្នាលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងធ្វើតេស្ដឈាម មុនរៀបអាពាហ៍ពិពាហ៍ផងដែរ៕