(ភ្នំពេញ)៖ ការចេញសេចក្តីថ្លែងការណ៍ និងតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលអំពាវនាវឲ្យមានការបញ្ឈប់ចំពោះ ការរុកគួនតាមផ្លូវ តុលាការប្រឆាំងនឹងលោក កឹម សុខា និងមន្រ្តីអង្គការសង្គមស៊ីវិលនានា ព្រមទាំងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តនៅវប្បធម៌សន្ទនា ដោយសន្តិវិធីជាមួយគណបក្សប្រឆាំង ត្រូវបានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី ហៅថា «ជាការលើកឡើងដោយខ្វះមូលដ្ឋានការពិត នៃការវិវត្តជាក់ស្តែងនៅកម្ពុជា និងជាទង្វើក្នុងកិច្ចការពារបុគ្គលចេញ ពីដែនច្បាប់ ដែលជាបុគ្គលប្រឆាំងនឹងស្ថាប័នជាតិ»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ផៃ ស៊ីផាន ផ្តល់កិច្ចសម្ភាសន៍មួយជាមួយ Fresh News ដែលមានខ្លឹមសារដូចខាងក្រោម៖
Fresh News: តើឯកឧត្តម យល់យ៉ាងណាចេញសេចក្តីថ្លែងការណ៍របស់ សហភាពអឺរ៉ុប ក៏ដូចជាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលអំពាវនាវឲ្យមានការបញ្ឈប់ចំពោះការរុកគួនតាមផ្លូវតុលាការប្រឆាំងនឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងមន្រ្តីអង្គការសង្គមស៊ីវិលនានា ព្រមទាំងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តនៅវប្បធម៌សន្ទនាដោយសន្តិវិធីជាមួយគណបក្សប្រឆាំង។
លោក ផៃ ស៊ីផាន៖ ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនជនរួមជាតិទាំងអស់ អំពីស្មារតីទាំងស្រុងនៅក្នុងកិច្ចបកស្រាយពន្យល់ ឆ្លើយតបទៅនឹងការលើកឡើងរបស់សហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ក៏ដូចតំណាងសហរដ្ឋអាមេរិក។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះកិច្ច យកចិត្តទុកដាក់ចំពោះកម្ពុជាពីសំណាក់សហគមន៍អ៊ឺរ៉ុប និងតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលជាដៃគូរសន្ទនា និងដៃគូរអភិវឌ្ឍន៍។
ខ្ញុំយល់ឃើញថា ការលើកឡើងរបស់តំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ក៏ដូចជាតំណាងរាស្ត្រ Allen Lowenthal អ្នកនយោបាយនៅសហរដ្ឋអាមេរិក ជាការលើកឡើងដោយខ្វះមូលដ្ឋានការពិត នៃការវិវត្តជាក់ស្តែងនៅកម្ពុជា។ ខ្ញុំពិតជាមានការសោកស្តាយ ដែលមានការយល់ ឬបកស្រាយស្ថិតនៅក្នុងទិដ្ឋភាពនយោបាយ ខុសពីការពិតនូវអ្វីដែលបានកើតឡើង និងបរិបថនៃការប្រឆាំងច្បាប់ និងអំណាចតុលាការ ដែលកំពុងដំណើរការនៃនីតិវិធី នៃសង្គមលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ពាក្យពេចន៍មួយចំនួនដែលបានលើកឡើងរបស់សហគមន៍អ៊ឺរ៉ុប តំណាងប្រចាំកម្ពុជា ក៏ដូចជាតំណាងរាស្ត្រសហរដ្ឋអាមេរិក រឹតតែធ្វើឲ្យមាន ការភាន់ច្រឡំ ដែលសាធារណៈជនយល់ឃើញថា ជាការលើកឡើង មិនត្រឹមតែមានទិដ្ឋភាពជានយោបាយនោះទេ គឺប្រឆាំងនូវអ្វីដែលកម្ពុជា កំពុងពង្រឹងនីតិរដ្ឋដ៏សស្រាក់សស្រាំ ហើយបន្ថែមទៀតនោះគឺ ជាទង្វើជាក់ស្តែងក្នុងកិច្ចការពារបុគ្គល ចេញពីដែនច្បាប់ ដែលគេយល់ពិតថា បុគ្គលនោះរំលោភសិទ្ធិមនុស្ស អសីលធម៌ និងឧទ្ទាមប្រឆាំងនិងស្ថាប័នជាតិ។ ការព្យាករណ៍ការដាក់លក្ខខណ្ឌ ជាបុរេវិនិច្ឆ័យនូវហេតុផល នៃការបោះឆ្នោត នាពេលខាងមុខនេះ គឺខ្ញុំយល់ឃើញថា ពុំត្រូវយកការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោតជាចំណាប់ខ្មាំងប្តូរ និងបុគ្គល ទាំងនោះទេ។
អនាគតកម្ពុជា គឺត្រូវតែឋិតនៅលើការសម្រចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាប្រភពតែមួយគត់ ដែលពិតប្រាកដណាស់ មិនត្រូវជាចំណាប់ខ្មាំង នៃផលប្រយោជន៍បរទេស ឬស្ថិតនៅក្នុងលក្ខខណ្ឌស្តង់ដាណាមួយឡើយ ហើយប្រជាធិបតេយ្យ មិនមែនគ្រាន់តែជាជម្រើសសម្រាប់កម្ពុជានោះទេ គឺជាការប្តេជ្ញារបស់កម្ពុជា ក្នុងកិច្ចថែទាំ និងការអភិឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីផលប្រយោជន៍ និងស្ថិតនៅក្នុងស្តង់ដា ដែលបានចែងនៅក្នុង ច្បាប់កម្ពុជាសុទ្ធសាធ។
ខ្ញុំសូមជម្រាបផងដែរថា ការអនុវត្តច្បាប់ការគោរពតាមនីតិវិធី និងគោលការណ៍ច្បាប់ មិនត្រឹមតែជាការអនុវត្ត ពង្រឹងនីតិរដ្ឋសុទ្ធសាធនោះទេ ក៏ប៉ុន្តែវាជាសារក៏សារសំខាន់មួយ និងបង្កើនជាវប្បធម៌ ដ៏ថ្លៃថ្នូរមួយ ក្នុងកិច្ចអប់រំដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដើម្បីបញ្ជៀសឲ្យបានពីការ រំលោភ និងការប្រឆាំងនិងច្បាប់ រួមជាមួយនិង ការរំលោភលើដែនអំណាចរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ខ្ញុំជឿជាក់ថា មិត្តកម្ពុជាទាំងអស់ ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ដែលបានផ្តល់កិច្ចសហការ ក្នុងកិច្ចពង្រឹងនីតិរដ្ឋ និងសង្គមប្រជាធិបតេយ្យប្រាកដជាទទួលព័ត៌មានគ្រប់ ជ្រុងជ្រោយជាញឹកញាប់ និងជាច្រើនឈុត ដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការពន្យល់តាមរយៈជាវេទិកា ឬជាលាយលក្ខណ៌អក្សរ អំពីវិធានផ្លូវច្បាប់ និងនីតិវិធីច្បាប់ ដែលពាក់ព័ន្ធនៅក្នុងករណីខាងលើ លើសពីនេះទៅទៀត
ខ្ញុំសូមជម្រាបជូននូវអធិបតេយ្យភាព ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាថា៖
មាត្រា ១២៨ ថ្មី (មាត្រា១០៩ចាស់) ៖ អំណាចតុលាការជាអំណាចឯករាជ្យ។
មាត្រា ១២៩ ថ្មី (មាត្រា១១០ចាស់) ៖ មានតែចៅក្រមទេ ដែលមានសិទ្ធិជម្រះក្តី។
មាត្រា ១៣០ ថ្មី (មាត្រា១១១ចាស់) ៖ គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ៕