(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារខណ្ឌ ដើម្បីពង្រឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ក្នុងពិធីសំណេះសំណាលនោះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភថវិការដល់លោកប្រធានផ្នែកប្រជាការពារ លោកអនុប្រធានផ្នែក ១០០ ០០០រៀល និងប្រជាការពារ ៥០០០០រៀល សរុបជាទឹកប្រាក់អស់៥,៨លានរៀល ក្នុងនោះថវិកា ៤,០០០,០០០រៀល ជាអំណោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថវិកា ១,៨០០,០០០រៀលជាអំណោយលោកផ្ទាល់។

ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាលខណ្ឌ ក៏បានកាត់សម្លៀកបំពាក់ជូនបងប្អូនប្រជាការពារក្នុងម្នាក់ពីរកំប្លេសរុបជាទឹកប្រាក់អស់ ៦៥៨០ដុល្លារដែលជាថវិកាផ្ទាល់របស់លោកអភិបាលផងដែរ។

សូមបញ្ជាក់ថា ខណ្ឌដូនពេញ ត្រូវបានគេចាត់ទុកជាទឹកដីដែលប្រមូលផ្តុំទៅដោយការតវ៉ា និងមមាញឹកនៃការសកម្មភាពផ្សេងៗពិសេសកិច្ចប្រជុំធំៗ និងការស្នាក់នៅរបស់ថ្នាក់ដឹកនាំបរទេសពេលមកចូលប្រជុំ ដែលជាហេតុធ្វើឲ្យមានការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្លាំង។

ដោយឡែក ការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋចំពោះរឿងដីធ្លី និងបញ្ហាផ្សេងៗនៅតាមខេត្តនោះវិញ ក៏ភាគច្រើនមកដាក់ពាក្យសុំកិច្ចអន្តរាគមន៍នៅក្នុងទឹកដីខណ្ឌដូនពេញ ដូចជា នៅខុទ្ទកាល័យសម្តេចតេជោ ក្រសួងយុត្តិធម៌ និងរដ្ឋសភាជាដើម។ ស្ថានភាពបែបនេះហើយ ទើបមន្រ្តីរាជការ និងសមត្ថកិច្ចមួយចំនួនខ្លះនៅខណ្ឌដូនពេញ តែងតែនិយាយថា ខណ្ឌដូនពេញជាកន្លែងល្អមើល តែមិនល្អស៊ី៕