(ស្វាយរៀង)៖ លោក ជុក មុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងស្វាយរៀង និងលោក កែរ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង ព្រមទាំងក្រុមការងារបានប្រគេនទៀនវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឧប្បុរតនារាម និងវត្តសន្តិភាព ក្នុងសង្កាត់ស្វាយរៀង។

ក្នុងពេលនាំទៀនវស្សានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នោះ លោក កែរ រដ្ឋាបានថ្លែងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

លោកបានបញ្ជាក់ថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត និងក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។

ជាមួយគ្នានេះ លោក ជុក មុន្នី បានលើកឡើងថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យ ព្រះពុទ្ធសាសនា ដែលបានកំណត់ថាព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាតនៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សាក្នុងទីវត្តអារាមរហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែនាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅវេរប្រគេនព្រះសង្ឃ។

លោកបានគូសបញ្ជាក់ថា ទីវត្តអារាមគឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើង ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រទៀតផង។ សូមប្រជាពុទ្ធបរិស័ទរួមគ្នាធ្វើការអប់រំកូនចៅឲ្យចាកឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សា បរិស្ថាន អនាម័យ និងសូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗ។

សូមបញ្ជាក់ថា ទេយ្យទាននិងបច្ច័យប្រគេនដល់ព្រះសង្ឃទាំងពីរវត្ត រួមមាន៖ អង្ករ៥០គីឡូ មីម៉ាម៉ា២កេស ទឹកសុទ្ធ៤កេស ទឹកត្រឡាច២កេស ទឹកត្រីទឹកស៊ីអ៉ីវ៤យួរ ត្រីខកំប៉ុង២យួរ សាប៊ូលាង៥លីត្រ សាប៊ូវីសូ៣គីឡូ សាប៊ូលុច១ឡូ ប្រេងឆា៥លីត្រ ស្ករស៣គីឡូ ទឹកដោះគោឆៅ២ឡូ អំបិល៥គីឡូ ខ្ទឹមស២គីឡូ ប៊ីចេង១គីឡូ និងទៀនធូប។ បច្ច័យប្រគេនព្រះចៅអធិការ២អង្គ ចំនួន២០០,០០០រៀល ប្រគេនបច្ច័យក្នុង១វត្ត៦០០,០០០រៀល និងតាអាចារ្យយាយជីចំនួន១២នាក់ក្នុងម្នាក់ៗក្រមា១ ថវិកា១០,០០០រៀលផងដែរ៕