(កំពង់ចាម)៖ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យក្រុមប្រឹក្សាឃុំទើបជាប់ឆ្នោតក្នុងស្រុកបាធាយ រួមជាមួយមន្ត្រីពាក់ព័ន្ធខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីភាពឈ្នះនៃការបោះឆ្នោតអាណត្តិខាងមុខទៀត។
លោកប្រធានបក្សបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្នុងពេលអញ្ជើញបិទវគ្គបំប៉នសមាជិកបក្សថ្នាក់មូលដ្ឋានឃុំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាធាយ។
លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសេវារដ្ឋបាលត្រូវប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ រៀបចំសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង ត្រូវដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ត្រូវមានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងផ្សព្វផ្សាយការពារ រាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងនាមយើងជាមន្រ្តីអនុវត្តច្បាប់ និងជាអ្នកអនុវត្តផ្ទាល់រាល់កិច្ចការទាក់ទងទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព យើងចាំបាច់ត្រូវតែដឹងអំពីការងាររបស់ខ្លួន និងអនុវត្តឱ្យបានល្អ ដើម្បីផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋនឹងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ៕