(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយផ្ដោតលើការងារសំខាន់ៗមួយចំនួន ដើម្បីបម្រើជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះ មានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, និងលោក-លោកស្រីប្រធានការិយាល័យនៃរចនាសម្ព័ន្ធខណ្ឌ, ជាមួយលោក-លោកស្រីចៅសង្កាត់ទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅសាលប្រជុំសាលាខណ្ឌទួលគោក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

លោក ជា ពិសី នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះ បានផ្ដោតសំខាន់រម្លឹកឡើងវិញ ចំពោះមន្ត្រី និងកងកម្លាំងឱ្យយកចិត្តទុកដាក់ពង្រឹងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងដោះស្រាយបញ្ហាប្រឈមនានា ក្រៅពីការយកចិត្តទុកដាក់បម្រើសេវាសាធារណៈផ្សេងៗ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋ៕