(កំពង់ចាម)៖ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យ ក្រុមប្រឹក្សាឃុំ ទើបជាប់ឆ្នោត ក្នុងស្រុកបាធាយ រួមជាមួយ មន្ត្រីពាក់ព័ន្ធ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីភាពឈ្នះ នៃការបោះឆ្នោត អាណត្តិខាងមុខទៀត ។
លោកប្រធានបក្ស បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្នុងពេលអញ្ជើញ បិទវគ្គបំប៉នសមាជិកបក្សថ្នាក់មូលដ្ឋានឃុំ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាធាយ ។
លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសេវារដ្ឋបាល ត្រូវប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ។គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ រៀបចំសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង ត្រូវដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ត្រូវមានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងផ្សព្វផ្សាយការពារ រាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងនាមយើងជាមន្រ្តីអនុវត្តច្បាប់ និងជាអ្នកអនុវត្តផ្ទាល់ រាល់កិច្ចការទាក់ទងទៅនឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព យើងចាំបាច់ត្រូវតែដឹងអំពីការងាររបស់ខ្លួន និងអនុវត្តឱ្យបានល្អ ដើម្បីផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋ នឹងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ៕